(ភ្នំពេញ)៖ ថ្លែងពីទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រកាសយ៉ាងដាច់ណាត់ជាថ្មីម្ដងទៀតថា កងទ័ពត្រូវតែការពារដាច់ខាតមិនឲ្យកើតមានបដិវត្តន៍ពណ៌ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។
នៅក្នុងឱកាសចុះត្រួតពិនិត្យកម្លាំង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពត្រូវការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងជិតមកដល់ប្រមាណជាង១០ថ្ងៃ ខាងមុខទៀតឲ្យបាន ជាពិសេសបន្តការពារសន្តិភាព និងអភិវឌ្ឍន៍ និងត្រូវតែប្រឆាំងមិនឲ្យមានបដិវត្តន៏ពណ៌នៅកម្ពុជា ជាដាច់ខាត ទោះចេញតាមរូបភាពណាក៏ដោយ ឬទីកន្លែងណាក៏ដោយ»។
នាយឧត្តមសេនីយ៍បានលើកឡើងថា បដិវត្តន៏ពណ៌ គឺបំផ្លាញនៅប្រទេសជាច្រើន ដែលកំពុងទទួលរងនូវមហន្តរាយ ដូចជា អ៊ីរ៉ាក់ ស៊ីរី និងប្រទេសជាច្រើនទៀត ហើយលោកក៏បានណែនាំដល់កងទ័ពត្រូវត្រៀមខ្លួនជាស្រេច ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ តំណាងឲ្យនាយទាហានទាំងអស់ បានធ្វើការប្ដេជ្ញាចិត្តថា កងទ័ពទាំងអស់បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារមិនឲ្យមានបដិវត្តន៍ពណ៌ជាដាច់ខាត នៅលើទឹកដីប្រទេសកម្ពុជា៕