(ភ្នំពេញ)៖ យុវជន​ តែ គីមសែ ដែលមាន​វ័យទើបតែ​២២ឆ្នាំ បានសម្រេចចិត្ត​បើកហាងលក់សម្ភារៈ​តុបតែង​ទូរស័ព្ទ​យ៉ាងធំមួយ ក្នុងរាជធានីភ្នំពេញដោយខ្លួនឯង បន្ទាប់ពីមានការជួយជ្រុមជ្រែងពីឪពុកម្ដាយ ហើយលោកក៏បញ្ឈប់ការ​យកថវិកា​ពីឪពុកម្ដាយ មកចាយវាយបន្តទៅទៀត។

ក្នុងពិធីបើកសម្ពោធហាងថ្មីរបស់ខ្លួនដែលមានឈ្មោះថា «WK Remax Cambodia» យុវជនដែលសម្រេចបើកអាជីវកម្ម សាងអនាគតរបស់ខ្លួនទាំងវ័យទើប ២២ឆ្នាំ តែ គីមសែ បានបញ្ជាក់ថា ប្រសិនបើលោកនៅតែបន្ដយកថវិកាពីឪពុកម្ដាយ លោកមិនអាចឲ្យធ្វើជាម្ចាស់ការលើខ្លួនឯងនោះទេ ហើយមួយវិញទៀត ឪពុកម្ដាយមិនអាចនៅចិញ្ចឹមរូបគាត់ បានមួយជីវិតនោះឡើយ។

យុវជនរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ការបើកហាងនេះ ខ្ញុំគិតយូរណាស់ហើយ ប៉ុន្ដែចេះតែមិនបានសម្រេច ហើយទើបតែពេលនេះបានសម្រេច​។ កាលដែលយើងបើកហាងខ្លួនឯងនេះ វាប្រសើរជាងយើងនៅបន្ដយកលុយ ពីគាត់ចាយ (ឪពុកម្ដាយ) ព្រោះថាគាត់មិនអាចនៅបន្ដចិញ្ចឹមយើង ឬក៏ឲ្យលុយយើងចាយរហូតបាននោះទេ»

បើតាមលោក តែ គីមសែ ការសម្រេចចិត្តបើកហាងដោយខ្លួនឯងនេះ គឺដើម្បីរៀនរស់ដោយខ្លួនឯង និង​ចេះខិតខំប្រឹងប្រែងរកស៊ីខ្លួនឯង។ មួយវិញទៀត ដើម្បីប្រឡូកក្នុងសង្គមឲ្យបានកាន់តែច្បាស់​ និងស្វែងយល់កាន់តែច្បាស់ ការលំបាកក្នុងការប្រកបរបររកស៊ី។

ហាងដែលយុវជន តែ គីម សែ ចាប់ផ្ដើមដំណើរការនេះ មានឈ្មោះថា «WK Remax Cambodia» ជាហាងដែល លក់នូវសម្ភារៈតុបតែងទូរស័ទ្ទ មានទីតាំងនៅផ្ទះលេខ៩៩B ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ហើយបានសម្ភោធលក់ជាផ្លូវការនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ។

ពាក់ព័ន្ធជាមួយផលិតផល ដែលបានដាក់តាំងនេះ ត្រូវបានលោក តែ គីមសែ ជាម្ចាស់ហាងវ័យក្មេង បានអះអាងថា លោកទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន WK Remax នៅប្រទេសចិន ហើយផលិតផលទាំងនោះរួមមាន កាសទូរស័ព្ទ, Power Bank, ឆ្នាំងសាកទូរស័ព្ទ, Case និងសម្ភារៈសម្រាប់តុបតែងទូរស័ព្ទច្រើនទៀតផងដែរ។

លោក គីមសែ បានបន្ថែមថា ផលិតផលទាំងនេះ សុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ព្រោះរូបលោកផ្ទាល់ ក៏ជាអ្នកប្រើប្រាស់សម្ភារៈដែលបានដាក់លក់នេះដែរ ហើយលោកបញ្ជាក់ថា ហាងរបស់លោកក៏មានលក់បោះដុំ នូវសម្ភារៈទាំងនេះដែរ ប្រសិនបើអតិថិជនត្រូវការ អាចទំនាក់ទំនងមកហាងរបស់លោកផ្ទាល់។

សូមបញ្ជាក់ថា ក្រុមហ៊ុន WK Remax គឺជាមួយក្រុមហ៊ុនមួយដែលផ្គត់ផ្គង់នូវសម្ភារៈតុបតែង ទូរស័ព្ទដ៏ល្បីមួយ​នៅប្រទេសចិន ហើយបានចែកចាត​ទៅតាមបណ្ដា​ប្រទេសធំ​ជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេស​អាស៊ានផងដែរ៕