(ពោធិ៍សាត់)៖ សពវីរៈយុទ្ធជនខ្មែរដែលពលីជីវិតនៅប្រទេសអាហ្រ្វិកកណ្តាល លោកព្រិន្ទបាលទោ មុំ តុលា ត្រូវបានដង្ហែយកទៅដល់ស្រុកកំណើតរបស់លោកនៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ហើយ កាលពីយប់មិញនេះ បន្ទាប់ពីបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។
បន្ទាប់ពីបានដង្ហែទៅដល់លំនៅឋានពិធីបុណ្យសពត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។ ជាពិសេសគេសង្កេតឃើញ លោក ម៉ៅ ធនិន អភិបាខេត្តពោធិ៍សាត់ បានទៅឈររង់ចាំទទួលសពទាំងយប់ផងដែរ។
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង-ស្រុក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក មុំ តុលា ដោយផ្ទាល់នៅគេហដ្ឋានសព។
លោក ម៉ៅ ធនិន ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់អាយុជីវិតរបស់ទាហានមួកខៀវកម្ពុជា នៅសាធារណ:រដ្ឋអាហ្រ្វិកកណ្តាល។
លោក ម៉ៅ ធនិន បានលើកឡើងថា ការពលីជីវិតរបស់កងកម្លាំងទាំង ៤រូបទៀត គឺជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដែលបំពេញភារកិច្ចដ៏អស្ចារ្យ ក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ជូនមនុស្សជាតិលើពិភពលោក។
លោក ម៉ៅ ធនិន បន្តថា «នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៉ឹម សំ និងនាយទាហាន ពលទាហានពលីទាំង ៣រូបទៀត សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ»។
សូមបញ្ជាក់ថា ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូបកាលពីយប់មីនេះ ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុត ក្រោមការអញ្ជើញទទួលដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីអនុព័ន្ធយោធា ឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា ព្រមទាំងក្រុមគ្រួសារ៕