(សៀមរាប)៖ សពវីរៈយុទ្ធជនខ្មែរដែលពលីជីវិតនៅប្រទេសអាហ្រ្វិកកណ្តាល លោក អ៉ឹម សំ ត្រូវបានដង្ហែយកទៅដល់ស្រុកកំណើត របស់លោកនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបហើយ កាលពីយប់មិញនេះ បន្ទាប់ពីបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។

បន្ទាប់ពីបានដង្ហែទៅដល់លំនៅឋានពិធីបុណ្យសព ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាម បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ​ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ ​អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង-ស្រុក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក អ៉ឹម សំ ដោយផ្ទាល់នៅគេហឋានសព និងចូលបច្ច័យចំនួន៨លានរៀល។

លោក នូ ផល្លា និង លោក ឃឹម ប៊ុនសុង ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់អាយុជីវិត របស់ទាហានមួកខៀវកម្ពុជា​​ នៅសាធារណ:រដ្ឋអាហ្រ្វិកកណ្តាល។

លោក ឃឹម ប៊ុនសុង បានលើកឡើងថា ការពលីជីវិត​របស់កងកម្លាំងទាំង ៤រូបទៀត គឺជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដែលបំពេញភារកិច្ចដ៏អស្ចារ្យ ក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ជូនមនុស្សជាតិលើពិភពលោក។

លោក ឃឹម ប៊ុនសុង បន្តថា «នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៉ឹម សំ​ និងនាយទាហាន ពលទាហានពលីទាំង ​៣​រូបទៀត សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ»​

សូមបញ្ជាក់ថា ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង​៤រូបកាលពីយប់មីនេះ ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុត ក្រោមការអញ្ជើញទទួលដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីអនុព័ន្ធយោធា ឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា ព្រមទាំងក្រុមគ្រួសារ៕