(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា សពទាហានមួកខៀវកម្ពុជា៤នាក់ ត្រូវបានដង្ហែទៅដល់លំនៅឋានរៀងៗខ្លួនដោយសុវត្ថិភាពហើយ កាលពីយប់មិញ ហើយពេលនេះបាននិងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តពោធិសាត់។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ពិធីបុណ្យសពអតីតយុទ្ធជនដែលពលីនោះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបផងដែរ ដែលនេះដើម្បីបង្ហាញពីការលើកទឹកចិត្តចំពោះភាពក្លាហាន នៃការពលីជូនជាតិមាតុភូមិ និងជាតិសាសន៍ដ៏ទៃ។
សូមបញ្ជាក់ថា ដំណើរមកដល់នៃសពរបស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានធ្វើពិធីទទួលប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុតក្រោមការទទួល ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមគ្រួសារ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផ្សេង ទៀត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងស្វាយរៀង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕
ថ្នាក់ដឹកនាំខេត្តពោធិសាត់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពយោធិនកម្ពុជា មុំ តុលា ដែលបានដឹកទៅដល់លំនៅដ្ឋានយប់មិញ
ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពយោធិនកម្ពុជា ម៉ៅ អេង ដែលបានដឹកទៅដល់លំនៅដ្ឋានយប់មិញ