(កំពង់ចាម)៖ តារាចម្រៀបយុវវ័យ លោក ឆាយ វីរៈយុទ្ធ បានការលើកឡើង​ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបង្ហាញពីទឹកចិត្តយ៉ាងមុតមាំថា រូបលោកនឹងមិនទៅណា ចោលអ្នកគាំទ្រនោះទេ ទោះបីជាលោកបញ្ចប់ភាពកំលោះក៏ដោយ ពោលគឺនៅតែប្រកាន់ជំហររបស់ខ្លួនដើរលើវិថីសិល្បៈ ដរាបណាអ្នកគាំទ្រនៅតែស្រឡាញ់ចូលចិត្តរូបលោក។ ស្របពេលជាមួយគ្នានោះ ភរិយាលោក ឆាយ វីរៈយុទ្ធ គឺអ្នកនាង សែ ចាន់ឌី ក៏បានយល់​ស្របតាម ហើយថែមទាំងគាំទ្រ និងជម្រុញលើកទឹកចិត្តស្វាមីរបស់ខ្លួន។ ក្នុងនោះ ភរិយាដែលជាអ្នកសិល្បៈដូចគ្នារូបនេះ ​នឹងជួយនិពន្ធបទចម្រៀងបន្ថែមទៀតជូន​​​​​ លោក ឆាយ វីរៈយុទ្ធ ​ដែលជាស្វាមី ដើម្បីបង្កើនកេរ្តិ៍ឈ្មោះល្បីល្បាញបន្តទៀត។

ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ លោក ឆាយ វីរៈយុទ្ឋ និងអ្នកនាង សែ ចាន់ឌី នាយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ គេសង្កេតឃើញមានការចូលរួម  ពីសំណាក់តារាចម្រៀង និងសម្តែងជាងច្រើននាក់ ដែលអញ្ជើញមកពីផលិតកម្មផ្សេងគ្នា មានដូចជា លោក​ ព្រាប សុវត្ថិ, លោក ខេមរៈ សេរីមន្ត,កញ្ញា សុខ ពិសី, លោក ដួង វីរៈសិដ្ឋ, លោក អ៊ី ណូ ព្រមទាំងតារាកំប្លែងជាច្រើននាក់ទៀត ដូចជា នាយ កុយ,​ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីម រួមនឹងតារាផ្សេងៗទៀត។ ក្នុងនោះក៏មានការចូលរួមផ្ដល់កិត្តិយសពីសំណាក់ លោក ហ៊ុន មាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ​អញ្ជើញជាភ្ញៀវកិត្តិយសផងដែរ ។ ពិធីនេះមង្គលការនេះ ធ្វើឡើងនៅតាមបណ្តាយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពោលគឺនៅទីលានដីដ៏ធំរបស់ថៅកែស្រូវ លោក ហាក់ សែ ដែលជាឪពុកក្មេក​របស់លោក ឆាយ វីរៈយុទ្ធ។

លោក ឆាយ វីរៈយុទ្ធ បានស្រាយចម្ងល់ដល់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនមួយចំនួន ដែលតែងតែងឿងឆ្ងល់ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបានបញ្ជាក់យ៉ាង​ ច្បាស់ថា «ខ្ញុំនៅតែប្រកាន់ជំហរជានិច្ច គឺនៅឈរលើវិថីសិល្បៈ បម្រើវិថីសិល្បៈរហូតទៅដល់បងប្អូន នៅតែត្រូវការខ្ញុំ»។ លើសពីនេះលោកបានបកស្រាយពីជិវិត និងប្រវត្តិស្នេហ៍របស់ខ្លួន ​ឲ្យមហាជនដឹងថា​ មុននឹងលោកសម្រេចចិត្តរៀបការ គឺប្រើពេលរហូតដល់ទៅ៧ឆ្នាំ គឺ​ក្នុងន័យថា រូបលោកបានស្គាល់ភរិយា អស់រយៈកាលជាង៧ឆ្នាំមកហើយ ទើបពួកគេទាំងពីរនាក់សម្រេចចិត្តរៀបការ​ជាមួយគ្នា។

គេសង្កេតឃើញថា ពិធីរៀបអាពាហ៍ពិពាហ៍ របស់លោក ឆាយ វីរៈយុទ្ធ និងអ្នកនាង សែ ចាន់ឌី គឺសុទ្ធសឹងតែផ្តើម ចេញពីទំនៀមទំលាប់ខ្មែរទាំងអស់ នេះបង្ហាញពីការស្រឡាញ់ និងចូលចិត្តពីប្រពៃណីខ្មែរ ដែលមានតាំងពីពិធីបុកល័ក្ខ រួមនិងពិធីផ្សេងៗទៀត របស់គូស្វាមីភិរយាថ្មីមួយនេះ ហើយការបង្ហាញជាលក្ខណៈបែបនេះ នឹងធ្វើឲ្យបងប្អូនស្រករក្រោយ ប្រាកដជាមានអារម្មណ៍ស្រឡាញ់ និងមើលឃើញពីទំហំតម្លៃនៃវប្បធម៌ខ្មែរ ដែលដូនតាបន្សល់ទុកតាំងពីសម័យបុរាណ។

សូមបញ្ជាក់ថា ពិធីមង្គលការថា របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានរៀបចំដល់ភ្ញៀវកិត្តិយស រហូតដល់ទៅ១៧០តុ ដោយក្នុងនោះ​៣០តុ សម្រាប់ភ្ញៀវដែលជាអ្នកសិល្បៈ ។ ភរិយាលោក ឆាយ វិរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ជាសិក្សារៀនសូត្រ​ ផ្នែកសហគ្រិនភាព ដែលផ្តោតទៅលើការរកស៊ី ក៏ប៉ុន្តែអ្នកនាងក៏អាចនិពន្ធទំនុកបទចម្រៀង​​​បានដែរ ដែលរហូតមកដល់ពេលនេះមាន​ជិត១០បទហើយ កំពុងចរាចរលើទីផ្សារ។ ក្នុងនោះដោយបទមួយ មានចំណងជើងថា «នឹកសង្សារចាស់» និងមានបទផ្សេងៗទៀតដែលសុទ្ធសឹងតែ​ ជាបទល្បីៗដែលលោក ឆាយ វីរៈយុទ្ធ បានច្រៀងកន្លងមក៕