(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ជាថ្ងៃដែល បុគ្គលិកក្រុមហ៊ុន អង្គការ មន្ត្រីរាជការទូទាំងប្រទេស ត្រៀមសម្រាកពីការងារ មានពេលទំនេរ បំពេញកិច្ចការផ្ទាល់ខ្លួន និងធ្វើដំណើរទៅស្រុកកំណើត ឬទៅកំសាន្តតាមរមណីយដ្ឋានផ្សេងៗ។ ដោយឡែកក្នុងចុងសប្តាហ៍ទើប តែកន្លងទៅនេះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងនាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានឆ្លៀតពេលពីការបំពេញការងាររបស់ខ្លួន នាំយកកង់និងសម្ភារៈសិក្សា ទៅចែកជូនដល់សិស្សទីទាល់ក្រ និងគ្រូ ចំនួន៦២នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវនំប៉័ងចំនួន១,២០០ដើម ការ៉េមចំនួន១,២០០ដើម និងទឹកសុទ្ធ ចែកជូននិងបរិភោគជាមួយ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្ស សរុប១,១០៦នាក់ និងបានជួបសំណេះសំណាលជាមួយ ពួកគាត់ដោយភាពសប្បាយរីករាយ ស្និតស្នាលបំផុត។
លោកឧត្តមសេនីយ៍ឯក បានណែនាំដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងពិធីនោះ ត្រូវរស់នៅឲ្យមានសីលធម៌ សុជីវធម៌ ដឹងគុណឪពុកម្តាយ ប្រឹងប្រែងរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយដើម្បីចូលរួមលើកស្ទួយវិស័យកីឡា ជំរុញឲ្យប្អូនៗ សិស្សសាលាចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើពាលាផ្សេងៗ ហើយលោក បានចែកសម្លៀកបំពាក់កីឡា ឲ្យសិស្សទាំងអស់ដែលមកចូលរួមក្នុងថ្ងៃនេះ ដោយមិនគិតវណ្ណៈ ឬនិន្នាការនយោបាយបក្សណាមួយឡើយ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជូនថវិកាសិស្ស៧០០នាក់ ក្នុងម្នាក់៥ពាន់រៀល មាតាបិតាអាណាព្យាបាលសិស្ស៣១៤នាក់ ក្នុងម្នាក់១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ បុគ្គលិកសាលា៩០នាក់ ក្នុងម្នាក់២ម៉ឺនរៀល និងកង់ចំនួន៦២គ្រឿង ព្រមទាំងបានប្រគល់ឲ្យអ្នកគ្រូមត្តេយ្យ០២នាក់ និងសិស្សទីទាល់ក្រ ចំនួន៦០នាក់ ភ្ជាប់ជាមួយ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ និងកាបូបដាក់ប៊ិច ម្នាក់មួយឈុតៗ។
លោកបានប្រកាសថា សម្រាប់សិស្សពូកែនៅក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ពេលប្រលងសញ្ញាបត្របឋមភូមិ និងទុតិយភូមិ បាននិទ្ទេសល្អ លោកនឹងមានរង្វាន់លើកទឹកចិត្តជូន ដូចដែលធ្លាប់បានធ្វើរួចហើយកាលពីឆ្នាំកន្លងមក សម្រាប់សិស្សប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ បាននិទ្ទេសA នឹងផ្តល់រង្វាន់លើកទឹកចិត្ត ម៉ូតូម៉ាកហុងដាសេរីថ្មី ចំនួន០១គ្រឿង, កុំព្យូទ័រយួរដៃ០១គ្រឿង និងកាបូបស្ពាយ០១។ សម្រាប់អ្នកជាប់និទ្ទេសB នឹងផ្តល់ជូន កុំព្យូទ័រយួរដៃ០១គ្រឿង, ថវិកាម្នាក់៤០ម៉ឺនរៀល និងកាបូបស្ពាយ០១។
ដោយឡែកសម្រាប់សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បានលេខ១ នឹងផ្តល់រង្វាន់លើកទឹកចិត្ត កុំព្យូទ័រយួរដៃ០១គ្រឿង, ថវិកា៤០ម៉ឺនរៀល និងកាបូបស្ពាយ០១។ សម្រាប់អ្នកបានលេខ២ នឹងផ្តលជូនកុំព្យូទ័រយួរដៃ០១គ្រឿង, កាបូបស្ពាយ០១ ហើយរង្វាន់នេះ លោកបានអះអាងថា មិនកំណត់ចំនួនមនុស្ស និងមិនគិតវណ្ណៈ ឬនិន្នាការបក្សនយោបាយឡើយ ឲ្យតែទទួលបានជ័យលាភីដូចខាងលើ ទោះប៉ុន្មាននាក់ក៏ដោយក៏ផ្តល់ជូនទាំងអស់ផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលយកសំណើរបស់លោកនាយកវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស ដែលបានស្នើសុំឲ្យ លោកជួយកសាងផ្លូវបេតុងក្នុងទីធ្លាសាលា ចូលទៅអាគារសិក្សា ចំនួន០៥ខ្សែ និងបានប្រគល់រទេះ០១គ្រឿង ជូនដល់ជនពិការ តាមរយៈប្រធានភូមិព្រែកកំពឹសផងដែរ៕