(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល​មូលនិធិ​មហាគ្រួសារ កងរាជអាវុធហត្ថ និងក្រុមការងារ​តំណាង ​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ បាននាំយកថវិកា​របស់​មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន​១៨,២៥០,០០០រៀល និង​១,៣៩៥ដុល្លា ​ទៅជូនគ្រួសារសព លោកអនុសេនីយ៍ត្រី មាស សាម៉ុន នាយទាហាន​កងអនុសេនាធំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ​៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួល​មូលនិធិ មហាគ្រួសារ​កងរាជអាវុធហត្ថ ​បានឲ្យដឹងថា ថវិកា​របស់​មូលនិធិនេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់​លោក លោកស្រី ដែលជា​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងនោះថវិកាចំនួន១០,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ ​នាយឧត្តមសេនីយ៍ សៅ សុខា។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាង​​លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ​បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី មាស សាម៉ុន ពីជួរអង្គភាព​កងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកអនុសេនីយ៍ត្រី មាស សាម៉ុន ក៏បានឃ្លាតឆ្ងាយ​ពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់​ជារៀងរហូត ហើយមិនអាចត្រឡប់វិញឡើយ។

ជាចុងក្រោយ ក្រុមគ្រួសារនៃសព ក៏បានសម្ដែងនូវក្តីរំភើប ចំពោះ​កាយវិការប្រកបដោយសប្បុរសធម៌ និងព្រហ្មវិហារធម៌​របស់ ​នាយឧត្តមសេនីយ៍ សៅ សុខា  និង​អស់លោក លោកស្រី ដែលជា​នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានយកចិត្តទុកដាក់គិតគូរ​ក្នុងការចូលរួមរំលែកទុក្ខ នាពេលនេះផងដែរ៕