Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី២​នៃយុទ្ធនាការឃោសនា៖ លោក អូស្មាន ហាស្សាន់ ដឹកនាំសមាជិកជិត៧ពាន់នាក់ មកពីសង្កាត់ទាំង៧ក្នុងខណ្ឌឫស្សីកែវ ឃោសនារកសម្លេងឆ្នោត

21-05-2017 16:44

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការដង្ហែក្បួនជាមួយ​សមាជិកបក្សមកពី១២ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ប្រមាណជាង៦ម៉ឺននាក់ ដែលដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ នៅ​ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ, លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃដដែល បានបន្តយុទ្ធនាការរកសម្លេងឆ្នោតជាមួយ វត្តមានរបស់ លោក ខូយ សុខន ប្រធានគណៈកម្មធិការគណបក្សខណ្ឌ​ឫស្សីកែវ លោក ជា ពិសី អនុប្រធានគណៈកម្មធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ដែលដឹកនាំមាជិកគណបក្សប្រជាជនកម្ពុជា ដែល​មកពីសង្កាត់ទាំង៧ ក្នុងនោះមានរថយន្តក្បួនចំនួន ៥៣​គ្រឿង ម៉ូតូកង់បី ៤២​គ្រឿង ម៉ូតូ៣,០៨៧​គ្រឿង សរុបប្រមាណ៦,៧១១នាក់។

យុទ្ធនាការឃោសនានេះ ​ចេញដំណើរពីគោលដៅ កាំកូស៊ីធី កាត់តាមទំនប់កប់ស្រូវឆ្លងកាត់គ្រប់សង្កាត់ ហើយបកមកវិញត្រឹមស្ពាន ព្រែកព្នៅ បន្តក្បួនលើផ្លូវជាតិលេខ៥ បកមករាជធានីភ្នំពេញ បញ្ចប់ក្បូនហែត្រឹម ទីលានប្រជាធិបតេយ្យថ្មី។

លោក អូស្មាន ហាស្សាន់ លើកឡើងថា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានលើកកម្ពស់ ជីវភាព រស់នៅមានហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោក អូស្មាន ហាស្សាន់ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ​។

នៅក្នុងពិធីដង្ហែរក្បួនឃោសនានេះ សមាជិកទាំងអស់បានស្រែកជ័យ ឃោសតាមភូមិនានាក្នុងឃុំ ព្រមទាំងប្តេជ្ញាចិត្តថា ពួកគាត់​នឹងប្រជាពលរដ្ឋបាននាំគ្នាគាំទ្រទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ដើម្បីបន្តដឹកនាំបម្រើពួកឲ្យកាន់តែល្អថែមទៀត៕