(ពោធិ៍សាត់)៖ មុខសញ្ញាអារ-ក និងកាប់ចិញ្ច្រាំលើរាងកាយជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិចគេចខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនោះ នៅពេលនេះបានប្រកាច់ស្លាប់បាត់ហើយ បន្ទាប់ពីមានអាការៈមិនសូវស្រួល ក្នុងពន្ធនាគារពោធិ៍សាត់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ថាច់ ទីន អនុការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទម្លាយប្រាប់អង្គភាព Fresh News នៅថ្ងៃទី២១ ខែឧសភានេះថា ជនដៃដល់ដែលប្រកាច់ស្លាប់នោះ ឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ក្រោយឃាត់ខ្លួនពេល សម្លាប់ឪពុកចិញ្ចឹមឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ។
លោកបានរំលឹកថា កាលពីយប់ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៥ ជនរងគ្រោះត្រូវបានជនដៃដល់ ប្រើកាំបិតអារ-ក ដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួន បាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន រួចបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារពោធិ៍សាត់។ ហេតុផលដែលធ្វើឲ្យជនដៃដល់ ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែង តែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាលជនដៃដល់ ធ្លាប់មានជំងឺសរសៃប្រសាទ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលប្រកាច់ស្លាប់ ជនដៃដល់បានលេបថ្នាំសរសៃប្រសាទក្នុងពន្ធនាគារ ប្រហែលជាប្រតិកម្មជាមួយថ្នាំ ទើបមានអាក្ការមិនសូវស្រួល រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ហើយក៏ប្រកាច់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពជនដៃដល់ ដែលប្រកាច់ស្លាប់ បានបូជានៅវត្តបន្ទាយដី រួចរាល់ហើយ៕