(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានទទួលរួចហើយនូវវីដេអូរបស់កញ្ញា «Pey Pey Ly» សកម្មជនគណបក្ស សង្រ្គោះជាតិ ដែលបានដៀមដាម ដល់បក្សនយោបាយដទៃ ហើយ គ.ជ.ប កំពុងពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតទៅលើវីដេអូនេះ។ លោក ហង្ស ពុទ្ធា ថា គ.ជ.ប នឹងជូនដំណឹងដល់ គណបក្សសង្រ្គោះជាតិ ឲ្យធ្វើការអប់រំលើសកម្មជនរបស់ខ្លួន ហើយនឹងបន្តធ្វើតាមច្បាប់ ស្តីពីការបោះឆ្នោត បើបក្សនយោបាយមួយនេះ នៅតែបន្តឲ្យអ្នកគាំទ្រធ្វើសកម្មភាពផ្ទុយពីច្បាប់។
នៅវេលាម៉ោង ៨៖២៣នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា «Pey Pey Ly» ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានធ្វើវីដេអូមួយបង្ហោះលើទំព័រ Facebook របស់ខ្លួនដោយបាននិយាយអម ដោយការសើចចំអកផងថា «គណបក្សមួយនោះហួសចិត្តអត់មានខ្មែរទៅហែ លេងជួលយួនមកហែហួសចិត្ត។ ខ្មែរគេដឹងអស់ហើយ សារុង ប៊ីចេង ក្រមាអី គេលែងយកហើយ...»។
ជាមួយនិងការបង្ហោះវីដេអូដៀមដាមនេះ «Pey Pey Ly» ក៏បានបង្ហោះរូបភាពអ្នកហែបក្សគណបក្សប្រជាជនកម្ពុជា មួយសន្លឹកដែលអ្នក ហែជិះម៉ូតូដែលមិនមែន ជាស្លាកលេខម៉ូតូខ្មែរនោះឡើយ។ តែរូបភាពមួយសន្លឹកនេះ គេការលើកឡើងថា ជារូបភាពកាត់តច្នៃប្រឌិត។
លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប មិនលើកទឹកចិត្តឲ្យមានការឃោសនាវាយប្រហារ និងដៀមដាមគ្នាបែបនេះឡើយ ព្រោះវាអាចបង្កជាកំហឹងគុំកួន ដល់គណបក្ស និងអ្នកគាំទ្រគណបក្សនយោបាយដទៃ។
«គ.ជ.ប មានជំហ៊ានក្នុងការធ្វើការរបស់ខ្លួន។ ទី១៖ សរសេលិខិតទៅសាម៉ី ឬ គណបក្សនយោបាយនោះ ដើម្បីក្រើនរំលឹកអំពីនីតិវិធី ហើយជំហ៊ានទី២៖ ពិនិត្យទៅលើទិដ្ឋភាពច្បាប់ហើយដាក់ការពិន័យ ហើយជំហ៊ានទី៣៖ ធ្វើការជាមួយស្ថាប័នគ្រប់គ្រងគណបក្សនោះ ចាត់វិធានការទៅតាមការប្រព្រឹត្តខុសនោះ»។ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់បន្ថែមដូច្នេះ។
តែទោះបីជាយ៉ាងណា លោក ហង្ស ពុទ្ធា ទទូចឲ្យគណបក្សនយោបាយទាំងអស់គោរពនូវក្រមសីលធម៌ ដែល គ.ជ.ប បានដាក់ចេញ ដើម្បីបញ្ចៀសនូវបញ្ហានានា។ លោក ហង្ស ពុទ្ធា បានបន្តថា បើទោះបីច្បាប់អាចដាក់ទោសទណ្ឌ ដល់ប្រព្រឹត្តខុស តែ គ.ជ.ប មិនចង់ដាក់ទោសទណ្ឌលើបក្សនយោបាយ ឬ សកម្មជនបក្សនយោបាយណាមួយនោះឡើយ។
ជាមួយនឹងការបង្ហោះសារដៀមដាមរបស់កញ្ញា «Pey Pey Ly» នៅលើទំព័រ Facebook នេះ បានធ្វើឲ្យក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជា ចេញមកប្រតិកម្មខ្លាំងណាស់ផងដែរ។
ជាការកត់សម្គាល់ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដែលចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ គឺគេសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ គឺមានតែការប៉ះទង្គិចពាក្យសម្តីគ្នា បន្តិចរវាងអ្នកហែគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅក្នុងខេត្តតាកែវ។ តាមរយៈបរិយាកាសល្អប្រសើរក្នុងពេលយុទ្ធនាការនេះធ្វើឲ្យមាន ការសរសើរពីការរៀបចំរបស់ គ.ជ.ប និងភាពចាស់ទុំ របស់គណបក្សនយោបាយនៅកម្ពុជា។
មហាជនរំពឹងថា យុទ្ធនាការឃោសនារកសំឡេងដែលនៅសល់រយៈ ១២ថ្ងៃទៀតនោះ នឹងបន្តប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ គណបក្សនយោបាយ សកម្មជន និងគាំទ្របក្សនយោបាយបន្តធ្វើសកម្មភាពប្រកបដោយភាពថ្លៃថ្នូរ និងមានក្រមសីលធម៌ខ្ពស់ ដើម្បីចៀសវាងការបង្កការថ្នាំងថ្នាក់ ការខឹងសម្បា ឬការគុំកួនណាមួយនោះ៕