(កំពត)៖ លោក វ៉ាន សំអឿន អតីតតំណាងរាស្ត្រគណបក្សប្រឆាំង បានជំរុញឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ក្នុងស្រុកដងទង់ បន្តចុះជាប់់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា។ លោកបានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំដោយលំបាកខ្លាំងណាស់ ដើម្បីនាំយកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជន»។
ការជំរុញនេះធ្វើឡើងក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដែលចូលរួមពីសមាជិក សមាជិកាបក្សជាច្រើនរូប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
ការជួបសំណេះសំណាល ជាមួយសកម្មជន ជាបេក្ខជនក្រុមប្រឹក្សាឃុំលោក វ៉ាន សំអឿន បានជំរុញឲ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តចុះសួរសុខទុក្ខ និងស្វែងយល់ពីទុក្ខលំបាក និងជួយដោះស្រាយ អំពីបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឲ្យបានញឹកញាប់ខំបម្រើបងប្អូនប្រជាពលរដ្ឋ ឲ្យអស់ពីកំលាំងកាយចិត្ត។
លោក វ៉ាន សំអឿន បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជីវិតប្រជាជនខ្មែរ ឲ្យរួចផុតពីសេចក្តីស្លាប់ បានរស់ជាលើកទី២។ គណបក្សប្រជាជនបានដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី បានខិតខំដោយលំបាកខ្លាំងណាស់ ដើម្បីនាំយកសន្តិភាព ដឹកនាំការអភិវឌ្ឍន៍ ប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើន សម្បូរសប្បាយដូចបច្ចុប្បន្ន»។
លោកបានលើកឡើងថា សម្តេចតេជោ ក៏បានប្តេជ្ញារួចជាស្រេច ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវតែថែរក្សាការពារសន្តិភាពឲ្យបានជាដាច់ខាត។ បើសិនជាមានក្រុមណាបក្សណា ដែលចង់បង្កឲ្យមានអសន្តិសុខ បង្កឲ្យមានសង្រ្គាមធ្វើឲ្យប៉ះពាល់ ដល់សេចក្តីសុខរបស់ប្រជាជននោះ សម្តេចតេជោ នឹងទប់ទល់ជាដាច់ខាត។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់ ហើយដើម្បីសេចក្តីសុខរបស់ប្រជាជន សម្តេចតេជោ បានចូលរួមចរចាសន្ធិសញ្ញា ទីក្រុងប៉ារីស២៣ តុលា ១៩៩១ ដើម្បីឲ្យកម្ពុជាមានតំបន់ត្រួតត្រាតែ១ ផ្សះផ្សារជាតិឯកភាពជាតិ។ ដោយឡែកចំពោះគណបក្សផ្សេងៗវិញ ពុំបានធ្វើអ្វីៗដើម្បីប្រជាជនឡើយ។ ឧទាហរណ៍ពេលប្រជាជនមានទុក្ខលំបាកផ្សេងៗដូចជា គ្រោះធម្មជាតិ (រាំងស្ងួត ទឹកលិច ខ្យល់កន្រ្តាក់ដួលផ្ទះ )មិនមានគណបក្សណាមកជួយ ឬសួរសុខទុក្ខប្រជាជនទេ។ ពេលកីឡាករកីឡាការិនីខ្មែរយើង ដែលប្រកួត នៅបរទេសទទួលបានមេដាយមាសជូនជាតិ ក៏មិនឃើញថ្នាក់ដឹកនាំបក្សនយោបាយ ណាមួយមកជួយ មកអបអរសាទរ ដូចគណបក្សប្រជាជនឡើយ។
លោក វ៉ាន សំអឿន បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោតែមួយគត់ ដែលតែងតែគិតដល់ ផលប្រយោជន៍ជាតិជាធំ មានតែគណបក្សប្រជាជនមួយគត់ ដែលអាចនាំយកសន្តិភាពជូនប្រជាជនបាន មានតែគណបក្សប្រជាជន តែមួយប៉ុណ្ណោះ ដែលតែងតែរួមសុខទុក្ខ និងជួយដោះស្រាយរាល់ការលំបាក របស់ប្រជាជនគ្រប់កាលៈទេសៈ៕