(តាកែវ)៖ លោក ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ មកពីគណបក្សប្រជាជនកម្ពុជា បានរម្លឹកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថា នៅលើលោកនេះ គ្មានថ្នាំព្យាបាលជំងឺវិប្បដិសារី និងការសោកស្ដាយកើតចេញពីការ សម្រេចចិត្តខុសនោះឡើយ។ លោកបានស្នើឲ្យប្រជាពលរដ្ឋគិតពិចារណា និងសម្រេចចិត្តឲ្យបានច្បាស់លាស់មុនគូសសន្លឹកឆ្នោត នៅថ្ងៃទី៤ មិថុនា ដើម្បីជៀសផុតពីវិប្បដិសារី និងការស្ដាយក្រោយ។
ការរម្លឹករបស់លោក ពេជ សោភ័ន បានធ្វើឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួមពីសមាជិកគណបក្សប្រជាជនកម្ពុជាឃុំស្នោរ និងឃុំព្រៃផ្តៅ ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ។
លោក ពេជ សោភ័ន បានថ្លែងថា «ទោះបីជាក្នុងជីវិតយើង មានរឿងខ្លះមិនទាន់ពេញចិត្តយើងទាំងស្រុងក្ដី តែយើងគ្មានជម្រើសអ្វីក្រៅពី ស្រឡាញ់ជាតិយើងទេ ពីព្រោះបើប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានការរីកចំរើន»។
លោក ពេជ សោភ័ន បានលើកឡើងពីវិប្បដិសារី និងការស្តាយក្រោយរបស់យុវជនស៊ីរីម្នាក់ បន្ទាប់ពីរូបគេបានផ្តើមឲ្យមានការធ្វើ បដិវត្តន៍ពណ៌បង្កជាភ្លើងសង្រ្គាមបំផ្លាញប្រទេសជាតិរបស់គេទាំងមូល ហើយឪពុករបស់គេ និងប្រជាជនស៊ីរីរាប់លាននាក់ បានស្លាប់ និងរត់ភាសខ្លួន។
លោក ពេជ សោភ័ន បានគូសបញ្ជាក់ថា យុវជនខ្មែរមួយចំនួន ក៏ធ្លាប់សោកស្ដាយ ដោយសារការចូលរួមយុទ្ធនាការទម្លាក់សម្ដេចព្រះ បាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ផងដែរ តាមរយៈការលាបពណ៌លក់ដីឲ្យយួន ផ្ដាច់ការ ពុករលួយ...។
«រហូតមកដល់ពេលនេះ យើងមិនអាចទៅរកទិញថ្នាំវិប្បដិសារី ឬថ្នាំស្ដាយក្រោយណា មកលេបហើយអាចធ្វើឲ្យយើងឈប់ ឬបាត់ស្ដាយក្រោយទៀត ដោយធ្វើឲ្យអ្វីៗ ដែលបានបាត់បង់ទៅអាចរស់រានមានជីវិតបានឡើយ»។ លោក ពេជ សោភ័ន បានរំលឹកដល់អ្នកចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
លោក ពេជ សោភ័ន បានដាស់តឿនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យគិតពិចារណា និងសម្រេចចិត្តឲ្យបានត្រឹមត្រូវមុននឹងគូសសន្លឹកឆ្នោត ជ្រើសរើសគណបក្សនយោបាយណាមួយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីចៀសវាងការបន្សល់នូវវិប្បដិសារី និងការ ស្តាយក្រោយ៕