(ការ៉ាកាស)៖ ប្រជាជនវេណេស៊ុយអេឡា រាប់រយពាន់នាក់ បាននាំគ្នាចុះដើរតាមដងផ្លូវជាក្បួនដង្ហែទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីការ៉ាកាស កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ដើម្បីរំលឹកថ្ងៃទី៥០ នៃបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលបាត់បង់ប្រជាប្រិយភាពរបស់ លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បើទោះជាចំនួន អ្នកស្លាប់នៅតែបន្តកើតឡើង និងមានការប៉ះទង្គិចគ្នាដោយហិង្សា ក៏ដូចជាអំពើឆក់ប្លន់នៅពេលយប់ក៏ដោយ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។
គិតមកទល់ពេលនេះ បាតុកម្មតវ៉ានៅវេណេស៊ុយអេឡា បានផ្ដាច់យកអាយុជីវិតមនុស្ស៤៦នាក់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ខណៈរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក។ ក្រុមបាតុករបានខឹង សម្បារយ៉ាងខ្លាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន ដោយពួកគេចោទថា គ្មានសមត្ថភាពដឹកនាំប្រទេស បណ្ដោយឱ្យប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច មុខទំនិញឡើងថ្លែងគ្រប់មុខ។ ដោយឡែក នៅក្នុងបាតុកម្មតវ៉ា កាលពីថ្ងៃសៅរ៍ ពួកគេនៅតែរក្សាគោលជំហរដដែល ដោយបានសរសេរនៅផ្ទំាង បដាថា «គ្មានទេរបបដឹកនាំផ្ដាច់ការនៅវេណេស៊ុយអេឡា» ព្រមទំាងអំពាវនាវផងដែរ ឱ្យមានការបោះឆ្នោត ដោះលែងសកម្មជនការពារសិទ្ធិ មនុស្ស អ្នកនយោបាយ និងជំនួយពីអន្តរជាតិ។ តែទោះជាយ៉ាងណា លោក ម៉ាឌូរ៉ូ បានចង្អុលមុខក្រុមបាតុករប្រឆាំងនឹងរូបលោកថាមានបំណង ប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកពីតំណែងតាមការញុះញង់របស់គណបក្សប្រឆាំង ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក។
គួរបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក លោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងព្យាយាមរក្សាអំណាច បើទោះជាប្រទេសជាតិកំពុងប្រឈមមុខ នឹងការក្ស័យធនក៏ដោយ រីឯមនុស្សច្រើនជាង២,៦០០នាក់ ត្រូវបានចាប់ខ្លួន នៅទូទំាងប្រទេស។ ចំណែកឯ ការតវ៉ាកាលពីថ្ងៃសៅរ៍ ក៏បណ្ដាលឱ្យមនុស្ស៤៦នាក់ របួសផងដែរ៕