(កណ្តាល)៖ ករណីប្រជាពលរដ្ឋមួយគ្រួសារ ស្រែកអយុត្តិធម៌ ដែលត្រូវម្ចាស់បំណុល យកសោរចាក់ទ្វារបិទ មិនឲ្យចូលផ្ទះស្នាក់នៅ ព្រោះតែគ្មានលុយបង់ឲ្យនោះ ត្រូវបានម្ចាស់បំណុលចេញមុខបកស្រាយ និងអះអាងថា ផ្ទះខាងលើខ្លួនបានទិញ ត្រឹមត្រូវតាមច្បាប់ ដែលមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវ ពីអាជ្ញាធរមូលដ្ឋាន មិនបានរំលោភច្បាប់ឡើយ។
អ្នកស្រី សុវុឌ្ឍ សុបញ្ញារ័ត្ន ដែលត្រូវបានពលរដ្ឋមួយគ្រួសារ ចោទប្រកាន់បានថ្លែងអះអាង និងបង្ហាញឯកសារ ដោយបញ្ជាក់ថា អ្នកស្រីបានទិញផ្ទះដែលមាន អាសយដ្ឋាននៅក្នុងភូមិពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ពីឈ្មោះ ហែម សុសីឡា ភេទប្រុស (ប្តី) និងឈ្មោះ សួន សុធាវ៉ាត ភេទស្រី (ប្រពន្ធ) តាំងពីឆ្នាំ២០១០ មកម្ល៉េះ ពោលបន្ទាប់ពីប្តីប្រពន្ធខាងលើគ្មានលទ្ធភាព សងបំណុល ក៏សុខចិត្តលក់ផ្ទះ ដើម្បីសងបំណុលអ្នកជំពាក់ផ្សេងៗ ដែលគេរករឿង និងប្តឹងរកចាប់ខ្លួន ក្នុងតម្លៃ១៩០០០ដុល្លារ ក្នុងនោះខ្ចីមុន៤០០០ដុល្លារ និងប្រគល់ជូនក្រោយ១៥០០០ដុល្លារ។
អ្នកស្រីបន្តថា ចាប់តាំងពីទិញលក់រួចហើយ ពីរនាក់ប្តីប្រពន្ធខាងលើ បានចុះចេញពីផ្ទះ ហើយផ្ទះនោះក៏ចាក់សោរចោលផងដែរ ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែពួកគាត់ទាំង២នាក់ ចូលរស់នៅផ្ទះខាងលើវិញ ទើបអ្នកស្រីបានជូនដំណឹងដល់សាមីខ្លួន និងអាជ្ញាធរ មុនមួយខែ ឲ្យពីរនាក់ប្តីប្រពន្ធនោះរើឥវ៉ាន់ចេញ ប៉ុន្តែពួកគាត់មិនអើពើ និងបានសុំមកបង់រំលស់យកផ្ទះនោះវិញ តែដោយមានការអង្វរក ខ្លាំងពេក ទើបអ្នកស្រីបានប្រាប់ទៅឈ្មោះ ហែម សុលីឡា ឲ្យលុយ៣០០០ដុល្លារមកតម្កល់សិន ចាំនិយាយគ្នាជាក្រោយតែប្រហែលជា ២សប្តាហ៍ក្រោយ លោក ហែម សុលីឡា បានយកលុយ៥០០ដុល្លារ មកសុំបង់រំលោះផ្ទះវិញ ប៉ុន្តែអ្នកស្រី មិនទទួលយកនោះទេ ទើបឈានដល់ការដោះស្រាយ នៅអាជ្ញាធរមូលដ្ឋាន ដោយឈ្មោះ ហែម សុលីឡា ក៏បានរើឥវ៉ាន់ចេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ តែកំពុងរើឈ្មោះ ហែម សុសីឡា ក៏បានសុំឲ្យចរចានៅសាលាឃុំ ខាងអាជ្ញាធរក៏បានបញ្ជាក់ថា អ្នកស្រី សុបញ្ញារ័ត្ន មានឯកសារត្រឹមត្រូវតាមច្បាប់។
អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីត្រឡប់មកពីសាលាឃុំវិញ អ្នកស្រីក៏បានចាក់សោរផ្ទះនោះ ដើម្បីរក្សាសភាពដើមវិញ ហើយប្រសិនបើ២នាក់ ប្តីប្រពន្ធខាងលើ ចង់បានឥវ៉ានបន្តិចបន្តួចក្នុងផ្ទះនោះ អ្នកស្រីនឹងប្រគល់ឲ្យវិញទាំងអស់៕
សូមអានលិខិតផ្ទេរកម្មសិទ្ធិ ដែលទទួលស្គាល់ពីអាជ្ញាធរដូចខាងក្រោម៖