(ភ្នំពេញ)៖ គ្រោងអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលមានកំពស់៣៧ជាន់ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ហើយសាងសង់នឹងបញ្ចប់ទាំងស្រុងនៅឆ្នាំក្រោយនេះ។
ពិធីអបអរសាទរនៃការបញ្ចប់គ្រោងអគារនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក បែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប, លោក ឈីវ គួរស៊ីញ អនុប្រធានក្រុមប្រឹក្សាភិបាល និងលោក LIN MIN នាយកគ្រប់គ្រងទូទៅ ព្រមទាំងតំណាងដៃគូសហប្រតិបត្តិការជាច្រើនទៀតផងដែរ។
លោក LIN MIN បានលើកឡើថា គម្រោងមជ្ឈមណ្ឌល ដែលបានសាងសង់បញ្ចប់គ្រោងអគារមុនផែនការកំណត់ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ផ្នែកពាក់ព័ន្ធទាំងអស់ ហើយការបញ្ចប់គ្រោងអគារ ជាដំណាក់កាលដ៏សំខាន់មួយ ក្នុងដំណើរការសាងសង់គម្រោង ដោយសង្ឃឹមថា អ្នកទាំងអស់នឹងបន្ដរក្សាស្មារតីការងារដ៏ល្អ ដើម្បីសាងសង់គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក្លាយជាគម្រោងអគារដ៏អស្ចារ្យ។
ជាមួយគ្នានោះ លោកបានបន្ថែមថា មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បានចាប់តាំងពីបើកការដ្ឋាន សាងសង់នៅខែកក្កដា ឆ្នាំ២០១៥ ហើយបានបញ្ចប់គ្រោងអគារមុនការកំណត់ ដោយធានាបាននូវគុណភាពសំណង ដែលនេះមិនមែនតែជាព្រឹត្តការណ៍ដ៏ធំ សម្រាប់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏ជាសមិទ្ធផលដ៏ធំក្នុងការចូលរួម កសាងប្រទេសកម្ពុជា របស់សហគ្រាសចិនផងដែរ។
បើតាមលោកនាយកគ្រប់គ្រងទូទៅ អគារព្រីនស៍ ផ្លាហ្សានេះ បានចំណាយទុនប្រមាណជាង១០០លានដុល្លារ ហើយលោករំពឹងថាអគារនេះ នឹងផ្ដល់ផលចំណេញពី២០ភាគរយ ទៅ៣០ភាគរយ នៃការចំណាយ។
សូមបញ្ជាក់ថា បន្ទាប់ពីគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្ដអភិវឌ្ឍគម្រោងផ្សេងៗដូចជា៖ គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា, គម្រោងសណ្ឋាគារព្រីនស៍ ថាម ហូថេល, គម្រោងព្រីនស៍ ក្លឹប, គម្រោង Prince Gardening, គម្រោងអភិវឌ្ឍកោះតាកៀវ, គម្រោងសួនឧស្សាហកម្ម, គម្រោងព្រីនស៍ ថាមស៍ ផ្លាហ្សា និងព្រីនស៍ Cullinan Bay៕