(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងជាប្រធានក្រុម ការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប បានផ្តល់អនុសាសន៍ ក្នុងការឃោសនារកសំឡេងឆ្នោត ដល់ក្រុមការងារចុះជួយសង្កាត់ និងបេក្ខជនក្រុមប្រឹក្សាសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។
ការផ្តល់អនុសាសន៍ របស់នាយឧត្តមសេនីយ៍ ទៀ បាញ់ បានធ្វើឡើងខណៈលោក អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់ក្រុមការងារចុះជួយសង្កាត់ និងបេក្ខជនក្រុមប្រឹក្សា សង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប។
ពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុងសុង សមាជិកគណៈកម្មាធិការកណ្តាលនៃ គណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអភិបាលខេត្តសៀមរាប។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ បាញ់ សមាជិកព្រឹទ្ធសភា, អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាបសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការនៃគណបក្សខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ ក៏បានចូលរួំនៅក្នុងពិធីពិធីបុណ្យ រំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងប្រល័យពូជសាសន៍ផងដែរ។
ក្រោយថ្ងៃជ័យជំនះ ០៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាជនយើង ក៏បាននាំគ្នាប្រមែប្រមូលអដ្ឋិធាតុព្រមទាំងបានរៀបចំកសាងជាចេតីយ៍តម្កល់ទុកដាក់តាមប្រពៃណីបានយ៉ាងសមរម្យ ។ មិនតែប៉ុណ្ណោះ ប្រជាជនកម្ពុជានៅទូទាំងប្រទេសបានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីបុណ្យ រំលឹកវិញ្ញាណក្ខន្ធលោកអ្នកដែលបានចែកឋានទៅទាំងអស់នោះ ប្រកបដោយក្តីសោកស្តាយ និងអាឡោះ អាល័យយ៉ាងក្រៃលែង។
គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា រៀងរាល់ឆ្នាំ នៅខេត្តសៀមរាប តែងតែជួបជុំគ្នា ដើម្បីសម្តែងនូវការនឹករលឹក គោរពស្រឡាញ់ និងការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះជនរួមជាតិ ដែលបានបាត់បង់ជីវិតដោយសារ របបប្រល័យពូជសាសន៍ប៉ុលពត និងដើម្បីប្រារព្ធពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធ លោកអ្នកដែលបានចែកឋានទៅ ដោយសារអំពើឃោរឃៅ ព្រៃផ្សៃ អយុត្តិធម៌ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍៕