(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី២ គណៈអចិន្ត្រៃយ៍នៃគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្ររាប់រយនាក់ បើកយុទ្ធនាការស្វែងរកសំឡេងឆ្នោតនៅក្នុងស្រុកកណ្តាលស្ទឹង។
ក្នុងថ្ងៃបើកយុទ្ធនាការនេះ ឧកញ៉ា ទ្រី ភាព បានជម្រាបអ្នកចូលរួមអំពីគោលនយោបាយសំខាន់ៗទាំង ១៣ចំនុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ឧកញ៉ា ទ្រី ភាព បានថ្លែងសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ដែលមានសុខសន្តិភាព និងមានសមិទ្ធផលយ៉ាងច្រើនដូចពេលបច្ចុប្បន្ននេះ គឺបានកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេសថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានដឹកនាំផ្តួលរំលំរបបអាវខ្មៅ ប៉ុល ពត ដើម្បីនាំមកនូវការរស់រៀនមានជីវិតជាថ្មីកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។
«មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានប្រឹងប្រែង និងធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីសង្គមកម្ពុជា និងប្រជាជន។ បើគ្មានការតស៊ូពលីរំដោះប្រទេសចេញពីរបប ប៉ុល ពត ទេនោះ យើងមិនដឹងថា ប្រទេសមួយនេះនឹងទៅជាយ៉ាងណា ហើយជីវិតរបស់ពលរដ្ឋកម្ពុជា ប្រហែលជាត្រូវស្លាប់បាត់បង់គ្មានសល់។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានប្រឹងប្រែងរកសន្តិភាព រក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន គ្មានបាតដៃបក្សប្រឆាំងណា មកជួយកសាងប្រទេសជាតិនោះឡើយ។ មានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជា មានការរីកចម្រើនលូតលាស់ទៅមុខបន្តទៀត»។ ឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់។
ឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនមេឃុំកម្ពុជា ដើម្បីទទួល បានការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។
បន្ទាប់ពីធ្វើពិធីបើករួចហើយគ្បួនរថយន្តឃោសនា ក៏បានធ្វើដំណើរស្ទើរគ្រប់ច្រកល្អកទៅតាមបណ្តាឃុំនានា នៅទូទាំងស្រុកស្អាង ខេត្តកណ្តាល ក្រោមសម្រែកជយឃោស និងសារនយោបាយនានា ដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជាយ៉ាងកងរំពង៕