(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជានៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទៅកាន់សមាជិក-សមាជិកាគណបក្សប្រជាជនស្រុកព្រៃឈរថា សន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងរកមកបាន និងរក្សាមកដល់បច្ចុប្បន្ននេះ មានតម្លៃឥតគណនាសម្រាប់ការអភិវឌ្ឍ ហើយកម្ពុជានឹងពុំអាចមានថ្ងៃនេះ បានឡើយ បើសិនណាប្រទេសពុំមានសុខសន្តិភាពគ្រប់គ្រាន់។
លោក ប៉ាន ស័រស័ក្តិ បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ដែលរៀបចំឡើងនៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុក ស្ថិតនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអ្នកចូលរួមអំពីគោលនយោបាយសំខាន់ៗទាំង ១៣ចំនុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់ គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋ គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
លើសពីនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ ដោយផ្តោតសំខាន់លើស្នាដៃដឹកនាំ និងការកសាងប្រទេសឡើងវិញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតសម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ជូនប្រជាជនកម្ពុជា។
គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយនេះ នៅគ្រប់មូលដ្ឋានឃុំ/សង្កាត់ទូទាំងប្រទេសកម្ពុជា មានការរីកចម្រើនស្ទើរគ្រប់ផ្នែក ហើយកំរិតជីវភាពរស់នៅរបស់ប្រជាជន ក៏មានភាពកាន់តែប្រសើរឡើងរៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ សុវត្ថិភាពភូមិ/ឃុំ កាន់តែត្រូវបានពង្រឹង ដើម្បីធានាដល់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
តាមរយៈដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឲ្យរដ្ឋបាលឃុំ/សង្កាត់ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅជនបទ ក៏ដូចជានៅតាមទីប្រជុំជននានា រាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ៕