(កណ្ដាល)៖ ពិតជាអយុតិ្តធម៌ សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ដែលរស់នៅក្នុងភូមិ ពោធិ៍រលំ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានម្ចាស់បំណុលចិត្តខ្មៅ យកសោរទៅចាក់បិទទ្វារពីក្រៅ មិនអាចឲ្យពួកគាត់រស់នៅបាន ព្រោះតែមិនបង់លុយឲ្យគេគ្រប់ តាមការទាមទាររបស់គេ។
លោក ហែម សុសីឡា អាយុ៥២ឆ្នាំ ជាម្ចាស់ផ្ទះ ដែលត្រូវបានម្ចាស់បំណុលយកសោរ មកចាក់បិទមិនឲ្យរស់ នៅបានរៀបរាប់ប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះថា រូបគាត់ និងគ្រួសារពិតជាមិនអាចទទួលយកបានឡើយ នូវអំពើដ៏ខ្មៅងងឹតរបស់ម្ចាស់បំណុល ដែលមានឈ្មោះ សុវណ្ណ បញ្ញារត្ន័ ភេទស្រី មានលំនៅដ្ឋាននៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហែម សុសីឡា បានរៀបរាប់ពីដំណើររឿងថា ដោយសារបញ្ហាជីវភាពខ្វះខាត និងភាពចាំបាច់ក្នុងគ្រួសារ លោកបានសម្រេចចិត្តខ្ចីលុយ៤ពាន់ដុល្លារ ពីម្ចាស់បំណុលឈ្មោះ សុវណ្ណ បញ្ញារ័ត្ន នៅឆ្នាំ២០១០ ដោយបានសសេរនូវកិច្ចសន្យាខ្ចីលុយ និងដាក់ផ្ទះជាវត្ថុបញ្ចាំ។ ក្នុងការខ្ចីលុយ៤ពាន់ដុល្លារនោះ គឺតម្រូវឲ្យលោកបង់ការប្រាក់ក្នុង១ខែ២០០ដុល្លារ (យកបានតែ៣៦០០ដុល្លារប៉ុណ្ណោះ ម្ចាស់បំណុលដកការប្រាក់ ទុកមុន៤០០ដុល្លារ)។
លោក ហែម សុសីឡា បានបន្តថា ចាប់ពីថ្ងៃខ្ចីលុយមក លោកបានបង់ការប្រាក់ ឲ្យម្ចាស់បំណុលជារៀងរាល់ខែ មិនដែលអាក់ខានឡើយ បើសរុបចំនួនការប្រាក់ ដែលលោកបានសង់ គឺមានរហូតជាង១ម៉ឺនដុល្លារទៅហើយ។ លើសពីនេះ ម្ចាស់បំណុលមិនដែល ធ្វើលិខិតទទួលលុយការប្រាក់ដែលលោកបានសងនោះទេ គឺមានតែលោកខ្លួនឯងជាអ្នកកត់ត្រា ទុកប៉ុណ្ណោះ។ ប៉ុន្ដែក្នុងអំឡុងក្រោយចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ ម្ចាស់បំណុលរូបនោះ បានមកដាក់កំហិកដល់លោក ដោយលើកឡើងថា «ត្រូវតែរកលុយ៣ពាន់ដុល្លារឲ្យខ្លួន បើមិនដូច្នេះទេនឹងរឹបអូសយកផ្ទះ ដែលកំពុងរស់នៅ»។ ដោយសារតែភាពភ័យខ្លាច នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ លោកបានស្វែងរក លុយចំនួន៥០០ដុល្លារ ទៅសងម្ចាស់បំណុល នៅរាជធានីភ្នំពេញ ប៉ុន្ដែម្ចាស់បំណុលមិនបានធ្វើលិខិត ទទួលលុយនោះទេ ហើយថែមទាំងសំឡុតថា ត្រូវរកលុយឲ្យខ្លួន២៥០០ដុល្លារទៀតទើបគ្រប់ ហើយរូបលោកក៏បានសួរថា តើលុយដែលត្រូវសងនោះ គឺជាលុយអ្វី ប៉ុន្ដែត្រូវបានម្ចាស់បំណុលរូបនោះប្រាប់វិញថា លោកគ្មានសិទ្ធិសួរឡើយ។ លឺដូច្នេះរូបលោក ហែម សុសីឡា ក៏បានសម្រេចចិត្ត មិនឲ្យលុយ៥០០ដុល្លារនោះ ប៉ុន្ដែម្ចាស់បំណុលគម្រាមហៅនគរបាល មកឃាត់ខ្លួន ដោយសារភ័យខ្លាចលោកបាន ឲ្យលុយ៥០០ដុល្លារនោះ។
លោករៀបរាប់ទៀតថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្រ្ដីដែលជាម្ចាស់បំណុល បានយកសោរមកចាក់ផ្ទះរបស់លោក និងបានយកថ្នាំបាញ់ទ្វារផ្ទះ ដាក់ស្លាកថា ផ្ទះលក់ថែមទៀតផង ទាំងមិនមានដីការសម្រេចរបស់តុលាការឡើយ។ ដោយរងនូវភាពអយុត្តិធម៌យ៉ាងដូច្នេះលោក បានប្ដឹងទៅអាជ្ញាធរឃុំ និងស្រុក ដើម្បីឲ្យជួយដោះស្រាយ និងផ្តល់យុត្តិធម៌ជូនរូបលោក និងក្រុមគ្រួសារ។
ជាមួយគ្នា លោក ហែម សុសីឡា និងក្រុមគ្រួសារ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាស្រាវជ្រាវផ្តល់យុត្តិធម៌ ឲ្យក្រុមគ្រួសាររបស់លោកផង។ យ៉ាងណាក៏ដោយ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពី ឈ្មោះ សុវណ្ណ បញ្ញារ័ត្ន នៅឡើយទេនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ៕