(ភ្នំពេញ)៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងមន្រ្តីជាន់ខ្ពស់សំខាន់ៗមួយចំនួន នឹងអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាទាំង៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភាស្អែកនេះ។
លោកឧត្តមសេនីយ៍ តុន សាលី អគ្គនាយករង នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបញ្ជាក់ឡើងវិញថា សពទាហានមួកខៀវកម្ពុជា៤រូប ដែលបានពលីជីវិតនៅប្រទេស អាហ្វ្រិកកណ្ដាល ក្នុងបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងត្រូវដឹកតាមយន្ដហោះមកដល់ ស្រុកកំណើតវិញ នៅវេលាម៉ោង០៧៖៥៥នាទីយប់ ថ្ងៃអាទិត្យទី២១ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ។
បើតាមអគ្គនាយករងរូបនេះបានឲ្យដឹងបន្ថែមថា សពទាហានមួកខៀវ នឹងរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តស្វាយរៀង អមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាមតាមផ្លូវបណ្ដាប់គ្នា។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបនោះ បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល បន្ទាប់ពីមានការវាយប្រហារ ដោយ ក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ ក្នុងនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ។
នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ បានថ្លែងឲ្យដឹងថា ក្រុមគ្រួសាររបស់យោធិនកម្ពុជាទាំង៤រូប នឹងទទួលបានសំណង ប្រមាណ៧ម៉ឺនដុល្លារ សម្រាប់សពម្នាក់ ពីអង្គការសហប្រជាជាតិ។
ការប្រគល់សំណងជូនក្រុមគ្រួសារសព នឹងធ្វើឡើងនៅក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅពេលសមស្របណាមួយ៕