(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកា ច្រើនពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងស្រុកក្រូចឆ្មារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ព្រោះថាថ្ងៃនេះជាទិវាចងចាំ២០ឧសភា ដែលជាថ្ងៃរំលឹកពីការឈឺចាប់ជាប្រវត្តិសាស្ដ្រ ដែលមិនអាចបំផ្លាញបាននៅក្នុងចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
បើតាមលោក ហ៊ុន ម៉ាណែត គណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ដ្រនាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ បានទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ហើយបានស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញចាប់ពីលេខសូន្យឲ្យមានស្ថិរភាពជាជំហានៗ រហូតមានការអភិវឌ្ឍខ្លាំងក្លាដូចបច្ចុប្បន្ន។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ខ្ញុំមានជំនឿថា ប្រជាជនទូទាំងស្រុកក្រូច បានមើលឃើញជាក់ស្ដែងរួចហើយនូវការឋិតឋេរ រីកចម្រើន និងភាពរឹងមាំរបស់ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ពិតជាមានសុភវិនិច្ឆ័យគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតនេះ»។
បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាជនគ្រប់ភូមិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នាកុំបីអាក់ខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាច់ផ្កានៅលើសន្លឹកឆ្នោត៕