(បន្ទាយមានជ័យ)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក សួន បវរ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការ រកសម្លេងឆ្នោតទ្រង់ទ្រាយធំ ដង្ហែរទាំង៩ សង្កាត់-ឃុំ នៅទូទាំងខេត្តខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកសមាជីកា ជាង៥ម៉ឺននាក់។
នៅក្នុងយុទ្ធនាការឃោសនានេះ លោក សួន បវរ បានថ្លែងថា «សមាជិកសមាជីកាសង្កាត់ទាំងអស់ និងមន្ត្រីបក្សប្រជាជនកម្ពុជា ត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋ ជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយ របស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតៈរៀងទៅ»។ លោកថា បើស្រលាញ់ភូមិយើង សង្កាត់យើង និងប្រទេសជាតិយើង ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍បន្តទៀត។
លោកបន្ថែមទៀតថា សមាជិកក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ ព្រមទាំងមន្ត្រីបក្សប្រជាជនកម្ពុជាត្រូវដឹងថា តើមានចំនុចអ្វីដែលយើងត្រូវការ និងកែអំអរ ក្នុងតំបន់យើងបន្តទៀត នៃការគ្រប់គ្រងសមាជិកបក្ស និងបង្កើនសមាជិកថ្មី ដើម្បីឈ្នះឆ្នោតបន្តទៀតនាឆ្នាំ២០១៧នេះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ដែលខិតជិតចូលមកដល់ខាងមុខនេះ។
លោក សួន បវរ បានបញ្ជាក់ថា «បច្ចុប្បន្នមានតែគណបក្សប្រជាជនកម្ពុជារបស់យើងទេ ដែលដឹងសុខដឹងទុកប្រជាពលរដ្ឋ ហើយក្រុមការងារ និងសមាជិកបក្សក្នុងគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបន្ថែមទៀត បើយើងខិតខំប្រឹងប្រែងខ្លួនឯងបានល្អ ហើយនោះប្រជាពលរដ្ឋនឹងជឿជាក់មកលើយើងជាក់ជាមិនខាន»៕