(ពោធិ៍សាត់)៖ ក្នុងយុទ្ធការថ្ងៃដំបូងនៃការឃោសនា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្ទះព្រៃ ដែលជាសង្កាត់ធំជាងគេ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នាពេលខាងមុខ ដោយមានសមាជិកសមាជិកា ចូលរួមជាង២ពាន់នាក់។
ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនាព្រឹកនេះ លោក ម៉ៅ ធនិន បានថ្លែងប្រាប់ប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដែលសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ៕