(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រកាសថា ក្រោយពី Facebook Page របស់ក្រសួងយុត្តិធម៌ ត្រូវបានក្រុមជនអនាមិក Hack យកគ្រប់គ្រង, ឃើញ Page នេះបាននឹងកំពុងផ្សព្វផ្សាយសកម្មភាពរបស់ CNRP ពោលគឺ Facebook Page របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោក គឹម សន្តិភាព បានប្រកាសជូនសាធារណជនឲ្យដឹងថា ក្រសួងមិនទទួលខុសត្រូវលើ Facebook របស់ក្រសួងយុត្តិធម៌ ទៀតឡើយ ព្រោះកំពុងស្ថិតក្រោមដៃរបស់ជនអនាមិក។
សូមជំរាបថា Facebook ក្រសួងយុត្តិធម៌ និង Facebook Page របស់លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា «Kim Santepheap-គឹម សន្តិភាព» ត្រូវបានជនអនាមិកលួចយក (HACK) ទៅបាត់ហើយ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ហើយរាល់ការបង្ហោះទាំងឡាយ មិនមែនការបង្ហោះរបស់លោកនោះទេ។
បើតាមសេចក្ដីជូនដំណឹងរបស់លោក គឹម សន្តិភាព ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បញ្ជាក់ថា៖ «ហ្វេសបុកផេកផ្ទាល់ខ្លួន (Facebook Page: Kim Santepheap-គឹម សន្តិភាព), របស់ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានជនអនាមិកលួចយក (HACK) កាលពីយប់មិញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ហើយមកដល់ពេលនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនអនាមិក (Hacker) នៅឡើយ!, ចំណែក Page របស់ក្រសួងយុត្តិធម៌ត្រូវបានក្រុម Hacker យកគ្រប់គ្រងនៅព្រឹកមិញនេះ»។
ជាមួយគ្នានោះ លោក គឹម សន្ដិភាព អំពាវនាវដល់សាធារណៈជនថា ចាប់ពីពេលនេះទៅលោក មិនជាប់ព័ន្ធជាមួយទំព័រ Facebookនោះទៀតទេ។ ប៉ុន្ដែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ពេលណាទើបលោកអាចយក Facebook នោះមកគ្រប់គ្រង់បាន និងជូនដំណឹងដល់សាធារណជនជាថ្មី៕