(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុលពត នៅវិមានដំកល់អដ្ឋិធាតុជនរងគ្រោះ ស្ថិតក្នុងភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
លោកស្រីក៏បានថ្លែងថា ការប្រារព្ធពិធីនេះឡើង គឺចំនឹងថ្ងៃទី ២០ឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ដែលមានសោកនាដ្ឋកម្ម ដ៏ឈឺចាប់ខ្លោចផ្សារបំផុត មិនអាចបំភ្លេចបានឡើយនៅទីកន្លែងដ៏សោកស្តាយ ពើតផ្សានៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃរបស់ របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្មែរ នៅលើទឹកដីមាតុភូមិកម្ពុជា ជាពិសេស ជាការធ្វើបុណ្យ ឧទ្ទិសកុសល ផលបុណ្យជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត នៅតំបន់ជុំវិញវិមានដំកល់អដ្ឋិធាតុជនរងគ្រោះដោយរបប ប៉ុលពតនេះ។
លោកស្រីថា ជាការរំលឹកជូនដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជា រាប់លាននាក់ដែលបានស្លាប់ នៅក្នុងរបបខ្មៅងងឹត៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ជាទីបញ្ចប់លោកស្រី រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋជុំវិញខេត្តស្វាយរៀងក៏បាន អញ្ជើញបំពាក់កម្រងផ្កានៅលើស្តូបតម្កល់អដ្ឋិធាតុ និងរាប់បាត្រប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន ៨១អង្គ នាឱនោះផងដែរ៕