(កំពង់ធំ)៖ លោក គង់ វិមាន ប្រធានក្រុមការងារចុះជួយឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកា ប្រមាណជាង៧០០នាក់ គោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរំលឹកនូវភាពឈឺចាប់ក្នុងរបបដ៏ឃោរឃៅនេះ។
លោក គង់ វិមាន បានថ្លែងថា ប្រវត្តិសាស្រ្តកម្ពុជា និងបេះដូងកូនខ្មែរគ្រប់រូប បានហែលឆ្លងក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានកត់ត្រាទុក និងចារជាប់យ៉ាងច្បាស់លាស់ មិនអាចស្រពិចស្រពិល និងបំភ្លេចបានឡើយនូវមហាសោកនាដកម្ម មហាវិនាសកម្មធ្វើឲ្យជីវិតប្រជារាស្រ្ត រាប់លាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស បែកបាក់ ឈឺផ្សារ ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា ជាជនពិការជាដើម។
លោកបញ្ជាក់ថា «មាតា បិតា ទាំងឡាយ ដែលមានទឹកចិត្តករុណា សណ្តោសប្រណីដល់បុត្រភ្ញា មហាសែនស្លុតរន្ធត់ស្រឡាំងកាំង ឡប់ស្មារតី ពេលវាចាប់ប្រឡេះកូនសម្លាញ់ពីដើមទ្រូង យកទៅសម្លាប់ម្តងមួយ ម្តងមួយមុនពេលវាច្រានទម្លាក់ទៅក្នុងរណ្តៅស្លាប់ជាអវសាន្ត។ ឱបងប្អូនជនរួមជាតិទាំងឡាយ អ្នកមានកំហុសអ្វី? បានជាត្រូវពួកគេសម្លាប់អស់ទាំងពូជយ៉ាងនេះ»។
លោក គង់ វិមាន ក៏បានលើកបង្ហាញពីប្រឹងប្រែងតស៊ូយ៉ាងលំបាក ដើម្បីរំដោះជាតិចេញពីរបប ប៉ុល ពត ពីសំណាក់ពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ជា ស៊ីម និងសម្តេច ហេង សំរិន។
លោកបន្ថែមថា ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហាន ដែលដឹកនាំដោយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យរបបនេះដួលរលំទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយក៏ផ្តល់ឱកាសឲ្យរស់រានមានជីវិតជាថ្មី និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ចេញគំនរផេះជាបន្តបន្ទាប់ រហូតបានរីកចម្រើនដូចពេលបច្ចុប្បន្ន។
ជាមូយគ្នានោះ លោក គង់ វិមាន អំពាវនាវសូមឲ្យស្មារតី២០ ឧសភា ដែលជាថ្ងៃកាន់មរណទុក្ខជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ស្ថិតនៅជាបុព្វហេតុពិតប្រាកដ ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូប ដើម្បីបណ្តុះទឹកចិត្តតស៊ូ ប្រមូលផ្តុំថាមពល ពុះពាររាល់ឧបសគ្គ មិនឲ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មី នៅកម្ពុជាទៀតឡើយ តស៊ូឆ្ពោះទៅរកការឯកភាពជាតិទូលំទូលាយ ដើម្បីការពារ និងកសាងមាតុភូមិកម្ពុជា អភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ត។
ជាចុងបញ្ចប់ លោក ក៏បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការស្វែករកសំឡេងឆ្នោត ក្នុងមូលដ្ឋានរបស់លោកផងដែរ៕