(កំពង់ធំ)៖ អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជា ផ្លូវការហើយ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ព្រមទាំងលោកស្រី ខៀវ ស៊ីណា។
ការសម្ពោធអគារទីស្នាក់ការគណបក្សនេះធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដែលត្រូវបានផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា។ លោក ជា ចាន់តូ បានថ្លែងថា សមិទ្ធិផលដែលកើតមាននៅលើទឹកដីកម្ពុជា នាបច្ចុប្បន្ននាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ នូវភាពរីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានបន្ថែមទៀតថា ដូចនេះប្រជាពលរដ្ឋត្រូវតែផ្តល់នូវ ការជឿជាក់ទ្វេរឡើងទៀតទៅលើ ការដឹកនាំប្រកបដោយ កិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ហើយសមាជិកបក្សម្នាក់ៗត្រូវខិតខំនិងមានការប្ដេជ្ញាចិត្តខ្ពស់ ថែមទៀតក្នងការ អនុវត្តផែនការដែល បានដាក់ចេញសម្រាប់អាណត្តិទី៤ ឲ្យបានល្អដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀត។
នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានជម្រុញឲ្យមន្ត្រីបក្សទាំងអស់ ត្រូវបន្តធ្វើអំពើល្អឲ្យបានច្រើនថែមទៀត និងត្រូវរួមគ្នាថែរក្សា
សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា សម្រេចឲ្យបានគង់វង្ស ពិសេសសុខសន្តិភាពដើម្បីឲ្យកូនចៅ
ជំនាន់ក្រោយៗរស់នៅដោយសុខសាន្ត ក្នុងភាពសម្បូររុងរឿង៕