ទេសរដ្ឋមន្ត្រី សេរី កុសល បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
20-05-2017 12:21
(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូង នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត លោកបានដឹកនាំក្រុមការងារ និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាជាង១៥០០នាក់ បើកយុទ្ធនាការឃោសនាយកសំឡេងឆ្នោត នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ និងសមាជិកបក្ស រៀបចំពិធីក្រុងពាលី សូមសេចក្តីសុខ និងសុំឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងក្បួនយុទ្ធនាការឃោសនា រកសំឡេងបោះឆ្នោត ដែលមានទាំងរថយន្ត គោយន្ត ម៉ូតូ ជាច្រើនគ្រឿងនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងទៅកាន់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សដែលធ្វើ គឺគណបក្សប្រជាជនកម្ពុជាកុំបោះឆ្នោត ជូនគណបក្សដែលមិនធ្វើអ្វីសោះ ហើយចាំតែថា និងនាំឲ្យប្រជាពលរដ្ឋ ធ្វើបាតុកម្ម នាំភាពវិកវរដល់សង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យ មានសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឡើងថែមទៀត។
ក្នុងយុទ្ធនាការនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បាននាំសមាជិកបក្សចុះឃោសនាដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាជន ដែលធ្វើយ៉ាងណាឲ្យការឃោសនានេះ គោរពតាមគោលការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕