(ភ្នំពេញ)៖ ទិវាចងចាំ២០ឧសភា! លោក នរ រតនៈវឌ្ឍនោ ប្រធានក្រុមការងារចុះជួយឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកសមាជិកគណបក្សទូទាំងឃុំ គោរពវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលបានស្លាប់យ៉ាងវេទនា នៅក្នុងរបបអាវខ្មៅប៉ុលពត។ ជាមួយគ្នានេះលោកក៏បានដឹកនាំក្រុមសមាជិក ចូលរួមក្នុងយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនាថ្ងៃដំបូង នេះផងដែរ។  

លោកបានលើកឡើងថា នេះជាព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានខ្លឹមសារទាក់ទងគ្នា។ ចាប់តាំងពីឆ្នាំ១៩៨៣ មកកម្ពុជាបាន ប្រារព្ធទិវា នៃការចងចាំ ដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ២០ឧសភា ចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើ ទុក្ខបុកម្នេញ កាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តរហូតពេលខ្លួន គ្រប់គ្រងអំណាចនៅកម្ពុជា។ គោលនយោបាយនេះធ្វើឱ្យប្រទេស កម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោចផ្សា និររាសព្រាត់ប្រាស់។

លោកបានបញ្ជាក់ថា «នៅក្នុងបរិបទនៃការប្រារព្ធទិវាចងចាំ ២០ឧសភានេះ ប្រជាជនកម្ពុជាភាគច្រើន លើសលុបពិតជាបាន​យល់អំពី រឿងរ៉ាវ​សោកនាដកម្មដែលខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ហែលឆ្លងកាត់ក្នុងឈាម និងទឹកភ្នែកការបំផ្លិចបំផ្លាញ ការជម្លៀសចេញពី ទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឲ្យធ្វើការងារ គ្មានពេលស្រាកស្រាន្ត ខ្វះថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគ ឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមាន​ជីវិតដែលជា សិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏មិនហ៊ាននឹកដល់ផង កុំសូម្បីឡើយតែសេរីភាព ក្នុងការបញ្ចេញមតិ និងសេរីភាពនៃការតវ៉ា»

លោកថា នៅក្នុងរបបខ្មែរក្រហមគ្មានឡើយសិទ្ធិតវ៉ា តវ៉ាមានតែស្លាប់ប៉ុណ្ណោះ គ្មានការផ្តល់ប្រាក់កម្រៃ​ណាមួយ​ឡើយដល់ពលរដ្ឋ ដែលត្រូវបង្ខំឱ្យធ្វើការងារដោយបង្ខំ។ តែ ២០ឧសភា នៅថ្ងៃនេះ ពលរដ្ឋបានដើរចាកឆ្ងាយ​ពីសង្គ្រាម រស់នៅក្នុងសុខសន្តិភាពកម្ពុជា បានដើរចេញពីកម្រិតសេដ្ឋកិច្ចសូន្យ មកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ច​រង្វង់៧%ជារៀងរាល់ឆ្នាំ ជាកំណើនសេដ្ឋកិច្ចមួយ ដែលគ្មានប្រទេសណាមួយដូច៕