(កណ្តាល)៖ នៅថ្ងៃបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លឹម គានហោ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកពញឮ ខេត្តកណ្តាល បានចុះដឹកនាំ សមាជិកសមាជិកា ប្រមាណជិត១ម៉ឺននាក់ ក្នុងឃុំទាំង១១ ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំងស្រុក ប៉ុន្តែធ្វើឡើងនៅតាម ឃុំនីមួយៗប៉ុណ្ណោះ។
ដោយសារតែការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានធ្វើឡើងចំថ្ងៃប្រារព្ធទិវាចងចាំ នៃការរបបដ៏សែនយង់ឃ្នង របស់បនប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោក លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំគណៈពង្រឹងការងារ និងសមាជិកសមាជិកា បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះទាំង ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបប ដ៏សែនឃោរឃៅនេះ។
ក្នុងឱកាសនោះលោក លឹម គានហោ បានរំលឹកដល់ប្រជាពលរដ្ឋថា ទុក្ខវេទនា និងការកាប់សម្លាប់នៃរបប ប៉ុល ពត នឹងមិនរលាយ រលត់នោះឡើយ ប្រសិនបើកគ្មានការដឹកនាំចលនាតស៊ូពីប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជាដូចជា សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ទេនោះ។
លោកបានបន្តថា ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហាន និងការពលីសាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងអ្នកស្នេហាជាតិខ្មែរជាច្រើនទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានជីវិតជាថ្មីនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ មានគណបក្ស ប្រជាជនកម្ពុជា ទើបមានជីវិតពលរដ្ឋកម្ពុជាជាថ្មី និងមានការអភិវឌ្ឍ ឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ទាប់ពីការថ្លែងរបស់លោក លឹម គានហោ អ្នកចូលរួមទាំងអស់បានស្រែកជយឃោសឡើងយ៉ាងកងរំពងថា «ជយោ! គណបក្ស ប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងភាពរីកចម្រើន»។ នៅក្នុងឱកាសនេះលោក លឹម គានហោ បានចុះដឹកនាំ សមាជិកសមាជិកានៅតាមឃុំនីមួយៗ ដោយសារតែតាមច្បាប់ គ.ជ.ប គឺតម្រូវឲ្យគណបក្សនយោបាយនីមួយៗ ដឹកនាំយុទ្ធនាការនៅក្នុងតែឃុំ-សង្កាត់ របស់ខ្លួនប៉ុណ្ណោះ៕