(កណ្តាល)៖ បន្ទាប់ពីប្រកាសបើកកម្មវិធីយុទ្ធនាការឃោសនារកសំឡេងឆ្នោតហើយនោះ នៅក្នុងថ្ងៃបើកឆាករកសំឡេងឆ្នោតដំបូងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុកកោះធំមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើដើរចុះតាមខ្នងផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលដែលគណបក្សមួយនេះសម្រេចបាន។
លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំជាងគេ ចាស់ទុំជាងគេ ដែលបានដឹកនាំចលនារំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឲ្យប្រទេសកម្ពុជាធ្លាប់យាយីដោយភ្លើងសង្រ្គាមនោះ ស្គាល់តែសុខសន្តិភាពរយៈពេលជិត ៤០ឆ្នាំហើយ។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្តើមចេញពីការរក្សាបាននូវសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យកម្ពុជាមានឱកាសកសាងសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរីកចម្រើន និងមានជីវភាពកាន់តែល្អប្រសើរ។
«គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត គឺប្រឹងប្រែងខ្លាំងណាស់។ យើងអត់ខ្លាចនឿយហត់ យើងប្រឹងធ្វើយ៉ាងណាឲ្យប្រទេសជាតិយ៉ាងកាន់តែរីកចម្រើន ប្រជាជនរបស់យើងកាន់តែមានជីវភាពធូរធា»។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ។
លោក ស៊ុន ចាន់ថុល ក៏ឆ្លៀតវាយប្រហារគណបក្សនយោបាយដទៃផងដែរថា មិនបានកសាងសមិទ្ធិផលអ្វីសម្រាប់ជាតិមាតុភូមិនោះឡើយ ក្រៅតែពីការដើរសន្យា ធ្វើប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបានបន្ថែមថា ប្រទេសជាតិ នឹងជួបគ្រោះមហន្តរាយ បើនយោបាយដទៃដឹកនាំប្រទេស ព្រោះតែបក្សនយោបាយដទៃសុទ្ធនៅក្មេងខ្ចីគ្មាននយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេស។
តាមរយៈជួបប្រជាពលរដ្ឋពីផ្ទះមួយទៅផ្ទះមួយ លោក ស៊ុន ចាន់ថុល បានបង្ហាញប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត និងបង្ហាញគូសឲ្យចំរូបសញ្ញាស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា៕