(ឧត្តរមានជ័យ)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ ព្រមទាំងលោក ជា តារា ជាអនុប្រធានគណៈពង្រឹងការងារ បានចុះដឹកនាំសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រប្រមាណជា ១ម៉ឺននាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទូទាំងស្រុកអន្លង់វែង។
ដោយសារតែការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានធ្វើឡើងចំថ្ងៃប្រារព្ធទិវាចងចាំ នៃការរបបដ៏សែនយង់ឃ្នងរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោក គន់ គីម ព្រមទាំងថ្នាក់ដឹកនាំគណៈពង្រឹងការងារ និងសមាជិក សមាជិកា បានធ្វើពិធីស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះទាំង ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបដ៏សែនឃោរឃៅនេះ។
ក្នុងឱកាសនោះ លោក ជា តារា បានឡើងថា រំលឹកដល់ប្រជាពលរដ្ឋថា ទុក្ខវេទនា និងការកាប់សម្លាប់នៃរបប ប៉ុល ពត នឹងមិនរលាយរលត់នោះឡើយ ប្រសិនបើកគ្មានការដឹកនាំចលនាតស៊ូពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចជាសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ទេនោះ។
លោក ជា តារា បានបន្តថា ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហាន និងការពលីសាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអ្នកស្នេហាជាតិខ្មែរជាច្រើនទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានជីវិតជាថ្មីនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លោក ជា តារា បន្តថា មានគណបក្សប្រជាជនកម្ពុជា ទើបមានជីវិតពលរដ្ឋកម្ពុជាជាថ្មី និងមានការអភិវឌ្ឍឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ទាប់ពីការថ្លែងរបស់លោក ជា តារា អ្នកចូលរួមទាំងអស់បានស្រែកជយឃោសឡើងយ៉ាងកងរំពងថា «ជយោ! គណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងភាពរីកចម្រើន»។
ក្រោយពេលធ្វើពិធីគោពវិញ្ញាណក្ខន្ធ និងរំលឹកពីទុក្ខវេទនាក្នុងរបប ប៉ុល ពត ហើយនោះ លោក គន់ គីម ក៏បានដឹកនាំក្រុមការងារ ព្រមទាំងអ្នកគាំទ្រប្រមាណ ១ម៉ឺននាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ព្រមទាំងបែងចែកកម្លាំងទៅតាមឃុំនានា៕