(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការប្រារព្ធទិវាចងចាំ២០ឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ដែលមានសោកនាដ្ឋកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត មិនអាចបំភ្លេចបានឡើយនៅទីកន្លែងដ៏សោកស្តាយ ពើតផ្សានៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃរបស់របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្មែរ នៅលើទឹកដីមាតុភូមិកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុង មិទ្ទិញ គោរពវិញ្ញាណក្ខ័ន្ត ដែលជាទិវាប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំ មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រ និងដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្តប្រជាជនកម្ពុជា រាប់លាននាក់ដែលបានស្លាប់ នៅក្នុងរបបខ្មៅងងឹត៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ពិធីនេះ ក៏មានការចូលរួមពី លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុមកាយរិទ្ធ នៅទូទាំងស្រុករវៀង។
លោក ឯល សារ៉ូ អភិបាលស្រុករវៀង បានឲ្យដឹងថា បើទោះបីយុវជនជំនាន់ក្រោយកើតមិនទាន់ព្រឹត្តិការណ៍ កាចសាហាវព្រៃផ្សៃនេះ តែក្រោយពីបានសិក្សានូវប្រវត្តិសាស្ត្រជាតិនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ បានចាប់ផ្តើមកកើតឡើង ដោយមានការជម្លៀសប្រជាជនឲ្យចាកចេញពីរាជធានីភ្នំពេញទីក្រុង ទីប្រជុំជនតូចធំនានានៅទូទាំងប្រទេស និងចាប់បង្ខំប្រជាជន ឲ្យទៅរស់នៅទីជនបទដាច់ស្រយ៉ាល លប់បំបាត់កម្មសិទ្ធ បំបាត់ទីផ្សារ បំបាត់រូបិយវត្ថុជាតិ បំបាត់សាសនា ចាប់ផ្សិកព្រះសង្ឃ បិទទ្វាមន្ទីរពេទ្យ បិទទ្វាសាលារៀន បំបាត់ជំនឿរសាសនាគ្រប់ជនជាតិទាំងអស់ ព្រមទាំងបង្ខំប្រជាជនឲ្យធ្វើអ្វីខុសពីទំនៀមទំលាប់ បង្ខំឲ្យធ្វើការជាទម្ងន់មិនថាយប់ ឬថ្ងៃ ព្រមទាំងមិនឲ្យហូបចុកគ្រប់គ្រាន់ទៀតផង។
បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាព្រឹទ្ធិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់ បានធ្វើឲ្យប្រជាជនកម្ពុជា គ្រប់ជំនាន់ចងចាំមិនអាចបំភ្លេចបាន ហើយបានកត់ត្រាជាប់ជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ដូចជាមនុស្សជាតិដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក ទោះបីរយៈពេល៣៨ឆ្នាំ បានកន្លងផុតទៅហើយក្តី ព្រឹត្តិការណ៍រន្ធត់នេះនៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនប្រជាជនខ្មែរ ពិសេស ពុកម៉ែ បងៗដែលបានឆ្លងកាត់។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាស សុភា បានសង្កត់ធ្ងន់ថា ការជួបជុំគ្នានៅទីនេះ គឺដើម្បីរំលឹកនូវគុណូប្បការៈ ដល់បញ្ញាវ័ន អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធនារី ព្រះសង្ឃ និងប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់ក្រោមការធ្វើទារុណកម្មដ៏សាហាវព្រៃផ្សៃ អមនុស្សធម៌ រកទីបំផុតគ្មាន។
បើតាមនាយឧត្តមសេនីយ៍ ប្រជាជននៅទូទាំងស្រុករវៀង នៅតែបន្តគាំទ្រចំពោះដំណើការ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តិក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយសង្ឃឹមថាដំណើការនៃសាលាក្តីនេះ នឹងធានាបានទាំងស្រុងនូវយុត្តិធម៌សម្រាប់ជនរងគ្រោះ ក៏ដូចជាសាច់ញាត្តិ បងប្អូន ដែលនៅរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ដោយរក្សាបាននូវស្ថេរភាព និងការផ្សះផ្សាជាតិក្នុងសង្គមកម្ពុជា៕