(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា រយៈពេលជាង៤ខែ នៃការដាក់ចេញយុទ្ធនាការបង្រ្កាបគ្រឿងញៀន គិតពីខែមករា មកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំង​សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ៣,៥៦២ករណី ឃាត់ខ្លួនមនុស្សជាង ៨ពាន់នាក់ និងដកហូតថ្នាំញៀនបានជាង ១០០គីឡូក្រាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រតិបត្ដិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជាង៥០គីឡូក្រាម​ នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ លោកឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ លើកឡើងយ៉ាងដូច្នេះថា «លទ្ធកន្លងមកនេះ រហូតមកដល់ថ្ងៃនេះក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដោយមិនគិតករណីថ្មីនេះទេ យើងបានបង្ក្រាបបាន ៣,៥៦២ករណី ឃាត់មនុស្ស ៨,០២២នាក់ ស្រី ៨២៣នាក់»។

បើបូករួមទាំងករណីគ្រឿងញៀន ដែលទើបបង្រ្កាបបាន គ្រឿងញៀនដែលដកហូតបានក្នុងរយៈពេលជាង ៤ខែនេះ មានទម្ងន់សរុបជាង ១០០គីឡូក្រាម។

លោកឧត្តមសេនីយ៍​​ឯក ម៉ក់ ជីតូ បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជា ជាប្រទេសដែលរងគ្រោះដោយគ្រឿងញៀន ព្រោះបរទេសយកទីតាំងកម្ពុជាធ្វើជាកន្លែងឆ្លងកាត់ ពោលគឺគ្រឿងញៀនភាគច្រើនហូរចូលមកពីប្រទេសឡាវ។ ពេលមកដល់កម្ពុជា ក្រុមមេក្លោងទាំងនោះ ធ្វើការចែកចាយបន្ដទៀត ទៅកាន់ប្រទេសជិតខាង។

លោក ម៉ក់ ជីតូ បានថ្លែងថា កត្តាទាំងនេះហើយធ្វើឲ្យកម្ពុជាលំបាកក្នុងការបង្ក្រាប ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្ដេជ្ញា បន្ដបង្ក្រាបករណីគ្រឿងញៀននេះ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

​សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​លើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អប្រសើរថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។

ក្រោយពេលការដាក់ចេញយុទ្ធនាការនេះ គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពសស្រាក់សស្រាំតាមស្វែងរកក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយមុខសញ្ញាជួញដូរ និងប្រើប្រាស់ ក៏ត្រូវបានបង្រ្កាបជាបន្តបន្ទាប់ផងដែរ៕

</p