(ភ្នំពេញ)៖ ទិវាចងចាំ ២០ ឧសភា ឆ្នាំនេះខុសពី ២០ ឧសភាឆ្នាំមុនៗបន្តិច! ខណៈប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធទិវានេះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ក៏បានចាប់ផ្តើមផងដែរ។ ជាព្រឹត្តិការណ៍ ពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានខ្លឹមសារទាក់ទងគ្នា។ ចាប់តាំងពីឆ្នាំ ១៩៨៣ មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ២០ ឧសភា ចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តរហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា។ គោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោចផ្សា និររាសព្រាត់ប្រាស។
នៅក្នុងបរិបទនៃការប្រារព្ធទិវាចងចាំ ២០ ឧសភា នេះ ប្រជាជនកម្ពុជាភាគច្រើនលើសលុបពិតជាបានយល់អំពីរឿងរ៉ាវសោកនាដកម្មដែលខ្មែរបានឆ្លងកាត់ជិត បីទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ហែលឆ្លងកាត់ក្នុងឈាម និងទឹកភ្នែក ការបំផ្លិចបំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការងារ គ្មានពេលស្រាកស្រាន្ត ខ្វះថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជា សិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏មិនហ៊ាននឹកដល់ផង កុំសូម្បីឡើយតែសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃការតវ៉ា។ នៅក្នុងរបបខ្មែរក្រហមគ្មានឡើយសិទ្ធិតវ៉ា តវ៉ាមានតែស្លាប់ប៉ុណ្ណោះ គ្មានការផ្តល់ប្រាក់កម្រៃណាមួយឡើយដល់ពលរដ្ឋ ដែលត្រូវបង្ខំឱ្យធ្វើការងារដោយបង្ខំ។ តែ ២០ ឧសភា នៅថ្ងៃនេះ ពលរដ្ឋបានដើរចាកឆ្ងាយពីសង្គ្រាម រស់នៅក្នុងសុខសន្តិភាព កម្ពុជាបានដើរចេញពីកម្រិតសេដ្ឋកិច្ចសូន្យ មកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរង្វង់ ៧% ជារៀងរាល់ឆ្នាំ ជាកំណើនសេដ្ឋកិច្ចមួយដែលគ្មានប្រទេសណាមួយដូច។
ជាការពិត ការអភិវឌ្ឍប្រទេសមួយមិនអាចល្អឥតខ្ចោះឡើយ តែបានបោះជំហានទៅមមុខរហូត! ទោះបីជាជីវភាពប្រជាពលរដ្ឋមួយចំនួននៅជួបការលំបាក នៅឡើយ ប៉ុន្តែមានភាពប្រសើរបន្តិចម្តងៗ។ ខុសស្រឡះពីរបបខ្មែរក្រហមដែលពលរដ្ឋរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការ ឥឡូវពលរដ្ឋចាប់ផ្តើមមាន ជីវភាពធូរធារ មានការងារធ្វើ មានប្រាក់កម្រៃសមរម្យ និងមានសិទ្ធិសេរីភាព និងជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមួយ។ កម្ពុជាគឺជាប្រទេសដែលមាន សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិដែលល្អជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកប្រទេសខ្លួនទៅជាប្រទេសមួយដែលបានបញ្ជូន កម្លាំងកងថែរក្សាសន្តិភាព និងមនុស្សធម៌រាប់ពាន់នាក់ទៅកាន់ប្រទេសមួយចំនួនដែលកំពុងជួបប្រទះសង្គ្រាមស៊ីវិលដូចខ្លួនកាលពីអតីតកាល។ កម្ពុជាបានប្រែខ្លួនពីជនរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលផ្តល់បទពិសោធផ្នែកសន្តិភាពដល់ប្រទេសមួយចំនួន។ កម្ពុជាបានប្រែក្លាយពីប្រទេសដែល ស្ទើរតែគ្មានទេសចរមកជាប្រទេសដែលបានទទួលភ្ញៀវទេសចរជាង ៤ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០១៦ និងបន្តមានកំណើនភ្ញៀទេសចរ ជាច្រើនលាននាក់ទៀតនៅពេលអនាគត។
កម្ពុជាពេលនេះបានចាកចេញពីសង្គ្រាមបំផ្លិចបំផ្លាញមកជាប្រទេសកំពុងអភិវឌ្ឍ ភាពក្រីក្របានធ្លាក់នៅសល់ប្រមាណ ១១,៥% នៅឆ្នាំ ២០១៦ នេះ។ សន្តិភាពគឺជាកក្តាចាំបាច់បំផុតដើម្បីអាចឈានទៅ និយាយពីការអភិវឌ្ឍ និយាយពីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ។ រយៈពេល ជាង ៣៨ ឆ្នាំមកនេះ សមិទ្ធផលជាច្រើនត្រូវបានស្តារ និងកសាងឡើងវិញគ្រប់ទិសទីនៃប្រទេសកម្ពុជារួមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់កាតើខ្វាត់ខ្វែងក្នុងប្រទេស ងាយស្រួលធ្វើដំណើរ កាត់បន្ថយពេលវេលា និងសន្សំសំចៃថវិកា ស្ពានឆ្លងកាត់ទន្លេវែងខ្លីត្រូវបានសាងសង់ឡើង សម្រួលដល់ចរាចរណ៍របស់ពលរដ្ឋ។
សាលារៀនត្រូវបានសាងសង់រាប់ពាន់ម៉ឺនខ្នង រុញសាលារៀនដល់ភូមិអ្នកស្រុកក្នុងទុសដៅបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដើម្បីចូលរួមកសាង និងអភិវឌ្ឍជាតិ។ សេវាកម្មផ្សេងៗទៀតដែល ជាតម្រូវការប្រចាំថហថៃរបស់ពលរដ្ឋត្រូវបានរុញកៀកនឹងប្រជាពលរដ្ឋ ហើយកម្រៃសេវារដ្ឋបាលមួយចំនួនត្រូវបាន លុបចោលដើម្បីកាត់បន្ថយការចំណាយ និងបង្កើនជីវភាពប្រជាជនកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៧៩មក រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលយកពន្ធលើដីកសិកម្មឡើយ ដែលនេះធ្វើឱ្យពលរដ្ឋខ្មែរដែលជាប្រជាកសិករមិនចាំបាច់ចំណាយប្រាក់លើការបង់ពន្ធ។
សមិទ្ធផលជាច្រើនទៀតត្រូវបានសាងសង់ឡើងសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ប្រសិនបើប្រទេស មានអសន្តិសុខ និងមានសង្គ្រាមសមិទ្ធផលទាំងអស់ នេះ រួមនឹងភាពសុខសាន្ត របស់ពលរដ្ឋបច្ចុប្បន្ន នឹងមិនមានវាសនាឈរបង្អួតខ្លួនបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។
ខណៈរាស្ត្រខ្មែរបានទទួលផលពីសន្តិភាព និងការអភិវឌ្ឍ បក្សប្រឆាំងដែលមិនដឹងនៅទីណាផងនោះពេលប្រទេស និងប្រជាជនជួបគ្រោះកាច និងមានទុក្ខ បាននិងកំពុងប្រើនយោបាយពីរក្នុងពេលតែមួយ គឺទី១-នយោបាយប្រជាភិថុត (មានន័យថា សារលួងលោមបោកប្រាស់ និងភូតកុហកប្រជាជន តាមរយះការសន្យាខ្យល់រាងរាល់រដូវបោះឆ្នោត និងការបោកប្រាស់ភូតកុហកតាមទិសស្លោ បំភ្លៃ បំភាន់ បំប៉ោង បំផ្លើស) និងទី២-នយោបាយប្រជោបាយនិយម (ញុះញង់ប្រជាជនអោយមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹង នេះ ដែលនេះជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ព្រោះនយោបាយប្រជោបាយនិយមនេះ នឹងនាំអោយមានការបែកបាក់ជាតិ និងបង្កភាពវិកវរចលាចលសង្គម និងឈានទៅរកសង្រ្គាមសុីវិលជាថ្មី)!
រាស្ត្រខ្មែរប្រឆាំង និងបដិសេធដាច់ខាតអ្នកញុះញង់ បង្កចលាចល និងអ្នកបោកប្រាស់រាស្ត្រដោយសន្យាខ្យល់ប៉ុនប៉ងទាញកម្ពុជាទម្លាក់ចូលមក ក្នុងការផ្លាស់ប្តូរមួយដែលមានអសន្តិសុខ អស្ថេរភាព អសណ្តាប់ធ្នាប់ និងការសងសឹក ការរើសអើងប្រឆាំងជាតិសាសន៍ និងជម្លោះវណ្ណៈក្នុងសង្គម និងធ្វើឱ្យជាតិបែកបាក់។ អ្នកស្រឡាញ់សន្តិភាព ត្រូវតែធ្វើសកម្មភាពប្រកបដោយថាមវន្ត ហើយក្រោកឈរឡើងជ្រោងទង់សន្តិភាព ដើម្បីសេចក្តីសុខ និងបន្តការអភិវឌ្ឍ តកូនតចៅជំនាន់ក្រោយ!
ដោយ៖ ចៅចាក់ស្មុក