(ស្វាយរៀង)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០១៧ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការ ចំនួន៦កន្លែងដែលមានគម្រោងវិនិយោគចំនួន៦៩គម្រោង ដោយបានបោះទុនវិនិយោគ ប្រមាណ៣១៣លានដុល្លារអាមេរិក និងបង្កើតការងារចំនួន៤៣០០០កន្លែង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បានឲ្យដឹងថា ដើម្បីបង្ហាញពីសក្តានុពល នៃខេត្តស្វាយរៀង លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយ លោក ហ៊ីដេហ៊ីសា ហូរីណូឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក សាមីអែលឡា ធី. ធុគូហ្វុ (Samiuela T. Tukuafu) នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើទស្សនកិច្ចនៅតាមរោងចក្រមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។
CDC បានឲ្យដឹងទៀតថា ប្រតិបត្តិការរបស់គម្រោងវិនិយោគនៅក្នុងខេត្តស្វាយរៀង គ្របដណ្តប់លើសកម្មភាពផលិតកម្មជាច្រើន បន្ថែមលើវិស័យកាត់ដេរ រួមមាន ការដំឡើងកង់ និងផលិតគ្រឿងបង្គុំកង់ ការផលិតសម្ភារៈ និងគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក ការផលិតក្រដាស និងសម្ភារៈវេចខ្ចប់ ការផលិតសម្ភារៈវេជ្ជសាស្ត្រ ការផលិតនាឡិកាដៃ នាឡិកាប៉ោល គ្រឿងបង្គុំពាក់ព័ន្ធ និងវត្ថុអនុស្សាវរីយ៍ជាដើម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖