(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្ដល់ព័ត៍មានបឋម អំពីលទ្ធផលនៃកិច្ចប្រតិបត្ដិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនជាង៥០គីឡូក្រាម។
សូមជម្រាបថា គ្រឿងញៀនជាច្រើនប្រភេទដូចជាមេតំហ្វាតាមីន ហេរ៉ូអ៉ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់សរុបជាង៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឆ្មក់ឆែកឆេររកឃើញ ក្នុងលំនៅឋានមួយកន្លែងស្ថិតទល់មុខ វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីការឆែកឆេររកឃើញគ្រឿងញៀននេះហើយ កម្លាំងសមត្ថកិច្ចជំនាញក៏បានបើកការស៉ើបអង្កេតបន្តរហូតឈានដល់ ការឃាត់ខ្លួន ម្ចាស់សណ្ឋាគាររតនៈសម្បត្តិនៅក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន។
ប្រតិបត្តិការឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិនេះ ដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ក្រោមការ បញ្ជាកម្លាំងដោយឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ។
លោកឧត្តសេនីយ៍ត្រី ផែន ឌីណា បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ស៊ី ឡាឡយ ជនជាតិខ្មែរ ដើមកំណើតជនជាតិភាគតិចឡាវ អាយុ ៤៣ឆ្នាំ ត្រូវបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃចាត់ការបន្តតាមច្បាប់៕
</p