(ភ្នំពេញ)៖ អ្នកសារព័ត៌មានអាស៊ាន និង អ្នកសារព័ត៌មានចិន ប្រមាណ៤០នាក់ មកពីជាង៣០ស្ថាប័ន ក្នុងនោះមានអង្គភាពព័ត៌មាន Fresh News ផងដែរ បាននិងកំពុងធ្វើទស្សនកិច្ចនៅក្នុងខេត្ត Anhui (អានហួយ) ជាខេត្តមានសក្តានុពលមួយនៅប្រទេសចិននាភាគខាងត្បូង។ ដំណើរកម្សាន្តទស្សនកិច្ចនេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
ការបើកកម្មវិធីដំណើរទស្សនកិច្ចរបស់ ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុករបស់ចិន ត្រូវបានធ្វើឡើង នៅតំបន់ពិព័រណ៍ទេសចរណ៍ និងវប្បធម៌អន្តរជាតិ នៅក្រុង Hefei ក្នុងខេត្ត Anhui នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
លោក Yu Aihua សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការ CPC របស់ខេត្ត Anhui និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចូលរួមក្នុងពិធីនេះ និងបានប្រកាសអំពីសកម្មភាពចាប់ផ្តើមនានា ហើយបានផ្តល់សិទ្ធិអនុញ្ញាតដល់ក្រុមប្រតិភូជាមួយទង់មួយ។
លោក Zheng Mingwu នាយកការិយាល័យព័ត៌មានខេត្ត Anhui បានថ្លែងថា អាស៊ាន និងចិនគឺជាអ្នកជិតខាងក៏ដូចជាដៃគូដ៏ល្អជាមួយគ្នា ហើយក៏ជាកត្តា ដ៏សំខាន់សម្រាប់ការបើកចំហនៃខេត្ត Anhui។ ម៉្យាងវិញទៀតជាមួយការអនុវត្តកិច្ចផ្តួចផ្តើម វិថីមួយ ខ្សែក្រវាត់មួយប៉ុន្មានមកនេះ ទំនាក់ទំនងរវាងអាស៊ាននិងខេត្ត Anhui មានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ដោយប្រជាជនទទួលបានការងារធ្វើជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏បានផ្តល់ជាសមិទ្ធិផលផ្លែផ្កាជាច្រើនផងដែរ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះការដោះដូរបទពិសោធន៍ជាមិត្តភាព និងការផ្តល់ផលចំណេញឲ្យគ្នាទៅវិញទៅមក បានក្លាយជាប្រធានបទចម្បងនៃ កិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងខេត្ត Anhui។ លោកសង្ឃឹមថា ព្រឹត្តិការណ៍ទស្សនកិច្ច និងសម្ភាសន៍របស់ក្រុមអ្នកកាសែតអាស៊ាន-ចិន នាពេលនេះ នឹងជួយធ្វើឲ្យទំនាក់ទំនងជាមិត្តភាពរវាងអាស៊ាន និងចិនកាន់តែស៊ីជម្រៅថែមទៀត។
ដំណើរទស្សនកិច្ច និងសម្ភាសន៍របស់ក្រុមអ្នកកាសែតអាស៊ាន-ចិន នឹងធ្វើឡើងនៅក្រុងចំនួន៤ របស់ខេត្តអានហួយ ក្នុងនោះមានទីក្រុង Hefei, Anqing, Chizhou, និង ទីក្រុង Xuancheng ជាដើម។ អ្នកកាសែតត្រូវបានអញ្ជើញឱ្យទៅទស្សនា នៅមជ្ឈមណ្ឌលឧស្សាហកម្មផលិតរថយន្ត តំបន់ទេសចរណ៍ តំបន់កម្សាន្តបែបប្រពៃណី រួមទាំងតំបន់កម្សាន្តបែបធម្មជាតិ នានានោខេត្តអានហួយផងដែរ។
ប្រធានប្រតិភូព័ត៌មានរបស់កាសែតអាស៊ាន-ចិនឆ្នាំ២០១៧ និងជាអនុប្រធាននៃទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA កញ្ញា Tran Thi Thu Minh បានថ្លែងអំណរគុណចំពោះព្រឹត្តិការណ៍កិច្ចសម្ភាសន៍នេះ ដែលបានផ្តល់នូវឱកាសដ៏កម្រមួយដើម្បីឱ្យអ្នកសារព័ត៌មានអាស៊ានស្វែងយល់យ៉ាង ទំលំទូលាយសាស្រ្ត វប្បធម៌ មនុស្សជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ចិន ដើម្បីជួយសម្រួលដល់ទំនាក់ទំនងជាមិត្តភាពរវាងអាស៊ាននិងខេត្ត Anhui ព្រមទាំងការដោះដូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន។ កញ្ញាសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងខេត្ត Anhui ភាគខាងត្បូងរបស់ប្រទេសចិន នឹងបន្តអភិវឌ្ឍន៍បានយូរអង្វែងតទៅមុខទៀត។
កញ្ញា គង់ រ័ត្នលំអង បានថ្លែងថា អាស៊ាន និងចិន សម្បូរទៅដោយធនធានវប្បធម៌ និងទេសចរណ៍។ ខេត្តអានហួយនេះគឺជាខេត្តមួយដែលផ្តល់ភាពទាក់ទាញ ទេសចរនៅក្នុងពិភពលោក។ ការចូលរួម និងការគាំទ្ររបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយ ដើម្បីពង្រីកវិស័យទេសចរណ៍ កាន់តែធំថែមទៀត។
កញ្ញាបានរំពឹងថា អ្នកសារព័ត៌មាន នឹងផ្តោតទូលំទូលាយទៅលើបេតិកភ័ណ្ឌវប្បធម៌ដ៏មានតម្លៃ និងធនធានទេសចរណ៍របស់ប្រទេសចិន និងសមិទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន។ ACC នឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលសកម្មភាព និងព័ត៌មាន ព្រមទាំងខិតខំប្រឹងប្រែងចូលរួមជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការចិន-អាស៊ាន កាន់តែទូលំទូលាយ។
ព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានឧបត្ថម្ភដោយនាយកដ្ឋានផ្សព្វផ្សាយ នៃគណៈកម្មាធិការថ្នាក់តំបន់នៃខេត្ត Anhui សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងនាំមកជូនដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលខេត្ត Anhui, ស្ថានីយ៍ទូរទស្សន៍ Anhui TV, សារព័ត៌មាន Asia Pacific Daily និងក្រុមហ៊ុនហិរញ្ញវត្ថុ ASEAN Finance ហើយគាំទ្រដោយការិយាល័យពាណិជ្ជកម្មនៃខេត្ត Anhui, ការិយាល័យការបរទេសនៃរដ្ឋបាលខេត្ត Anhui និងរដ្ឋបាលទេសចរណ៍នៃខេត្ត Anhui។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមការឯកភាពពីក្រុមប្រឹក្សារដ្ឋ, គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានផ្តល់ការយល់ព្រមស្ថាបនា និងអភិវឌ្ឍនៅតំបន់ពិពណ៌ទេសចរណ៍ និងវប្បធម៌អន្តរជាតិនៃខេត្ត Anhui ភាគខាងត្បូង ហើយតំបន់ទាំងនេះ ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្តពោរពេញ ដោយអត្ថប្រយោជន៍ ពោលគឺបរិស្ថាននិងបរិយាកាសវប្បធម៌ល្អ រួមជាមួយនឹងធនធានទេសចរណ៍ដ៏អស្ចារ្យ ដែលទាំងនេះដើរតួយ៉ាងសំខាន់ នៅក្នុងសង្កាត់ទេសចរណ៍វប្បធម៌នៃប្រទេសចិន និងសូម្បីតែពិភពលោកទាំងមូល។
តំបន់ដែលទាក់ទាញបំផុតនៅក្នុងខេត្តនេះមានដូចជា ប្រជុំភ្នំ Huangshan, ទីក្រុង Chizhou, ទីក្រុង Anqing, ទីក្រុង Xuangcheng, សង្កាត់ Tong ling, ទីក្រុង Ma'anshan និង ទីក្រុង Wuhu ក៏ដូចជាទីក្រុង Huangshan, Chizhou, Anqing, និង Xuancheng ផងដែរ។ ខេត្ត Anhui មានផ្ទៃដីសរុបទំហំ៥៧ពាន់គីឡូម៉ែត្រ និងរួមបញ្ចូលទាំងកូនក្រុងចំនួន៤៧ទៀត។
គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ បានគូសបញ្ជាក់ថា ការរៀបចំគម្រោងអភិវឌ្ឍន៍នៃសង្កាត់ពិព័រណ៍ទេសចរណ៍ និងវប្បធម៌អន្តរជាតិខេត្ត Anhui ខាងត្បូង ពិតជាមានសារសំខាន់ណាស់ សម្រាប់ការបង្កើនកំណើនសេដ្ឋកិច្ច និងគំនិតច្នៃប្រឌិតវប្បធម៌ ក៏ដូចជាពង្រឹងកញ្ចក់ការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ នៃតំបន់ភាគខាងកើតចិន ព្រមទាំងបង្កើតគោលដៅទេសចរណ៍កម្រិតខ្ពស់ ក៏ដូចជាធ្វើជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍប្រទេសចិនដ៏ស្រស់បំព្រង ហើយគម្រោងដ៏សំខាន់នេះគួរតែត្រូវអភិវឌ្ឍន៍ឡើងដោយស៊ីជម្រៅបំផុត នៅក្នុងផែនការយុទ្ធសាស្រ្តទាំងមូល៕