(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានយកអាវុធធុន AKបត់ គុណភាព ៤០ភាគរយ ១ដើម, AR15 គុណភាព១០ភាគរយ ១ដើម និងCK គុណភាព២៥ភាគរយ ១ដើមដែលគាត់បានប្រទះ ឃើញពេល ទៅកាប់ចំការ កាលពីថ្ងៃម្សិលមិញ នៅចំណុចដើមត្រាងបឹងរំលេច ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ មកប្រគល់ជូន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលក្រពើពីរ ដើម្បីរក្សាទុកបន្ត ក្រោយទទួលបានការផ្សព្វផ្សាយទូលំទូលាយ ពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រជាពលរដ្ឋដែលយកអាវុធ មកប្រគល់ឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះ មានឈ្មោះ ឡុង រី ភេទប្រុស អាយុ៥៤ឆ្នាំ និងឈ្មោះ ឆន រុន ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា ការដែលប្រជាពលរដ្ឋប្រគល់អាវុធ ៣ដើមខាងលើនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍ គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ព្រោះថាការរក្សាទុកអាវុធជាតិផ្ទុះ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕