(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះថា ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងអន្តរាគមន៍ជួយឲ្យដោះលែងពលរដ្ឋខ្មែរពីរនាក់បងប្អូន ដែលត្រូវអាជ្ញាធរថៃឃាត់ខ្លួនពីបទប្រើប្រាស់ឯកសារក្លែងបន្លំចូលទឹកដីថៃដោយខុសច្បាប់។
បើតាមលោក ជុំ សុន្ទរី ពលរដ្ឋខ្មែរពីរនាក់បងប្អូនេះ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសាកែវ នៅថ្ងៃទី២៧ ខែមេសា។
លោក ជុំ សុន្ទរី បញ្ជាក់ថា នៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ មន្រ្តីស្ថានអគ្គកុងស៊ុលបានទៅជួបពលរដ្ឋខ្មែរទាំងពីរនាក់នោះរួចហើយ។ ពលរដ្ឋខ្មែរទាំងពីរនាក់នោះ មានឈ្មោះ យ៉ិន ម៉ាន់ អាយុ ២២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ យ៉ិន អេន អាយុ ១៨ឆ្នាំ ជាអ្នកស្រុកថ្មគោល ខេត្តបាត់ដំបង។
បុរសទាំងពីរនាក់បងប្អូននេះ បានបញ្ជាក់ថា ពួកគេបានចូលប្រទេសថៃតាមរយៈមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ដោយប្រើប្រាស់ប័ណ្ណចេញ-ចូលអន្តោប្រវេសន៍ថៃ ដែលគេប្រើសម្រាប់ចេញ-ចូលផ្សាររោងក្លឿ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលខ្មែរ បានពិគ្រោះយោបល់ជាមួយមេធាវីជនជាតិថៃ និងក្រុមគ្រួសារជនរងគ្រោះ ដោយសម្តេចតម្កល់ប្រាក់ធានាខ្លួនបុរសពីរនាក់បងប្អូន ឲ្យស្ថិតនៅក្រៅឃុំរង់ចាំតុលាការកាត់ក្តីនាពេលខាងមុខ៕