(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានលើកឡើងថា ការបំប៉នសមត្ថភាពកងកម្លាំងនគរបាល ជាកត្តាចំបាច់មិនមែន ជាការគំរាមគំហែងផ្នែកនយោបាយនោះទេ ព្រោះវាជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិ ក្នុងភារៈកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គកងអន្តរាគមន៍ ពិសេសរបស់នគរបាល នៃស្នងការដ្ឋានដែលមានសិក្ខាកាមចំនួនជាង១០០នាក់ បន្ទាប់ពីបានទទួលការហ្វឹកហាត់ មានរយៈពេលជាង១ខែមកនេះ។
លោក សរ ចំរុង បានសម្ដែងនូវការកោតសសើរ លើកទឹលចិត្តដល់កងកម្លាំងនគរបាលខេត្ត ពិសេសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក៏ដូចជា លោកស្នងការរងទទួលគ្រប់គ្រងវគ្គ បានខិតខំអស់កម្លាំងកាយចិត្ត ជម្រុញដល់ការហ្វឹកហ្វឺន របស់កងកម្លាំងនគរបាលខេត្ត រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានលើឡើងថា វគ្គហ្វឹកហ្វឺនកងអន្តរាគមន៍ពិសេសនេះ បានដំណើរការហ្វឹកហ្វឺនមានរយៈពេល៤៥ថ្ងៃ ក្នុងនោះមានសិក្ខាកាម ជានគរបាលមកពីតាមបណ្តារស្រុក-ក្រុង និងស្នងការដ្ឋាន ចំនួន១០០នាក់ គ្រូឧទ្ទេសចំនួន៩នាក់ មាន៣នាក់ជាគ្រូ មកពីអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ថា ចំពោះមេរៀនដែលបានហ្វឹកហ្វឺនរួមមាន វិន័យកងកម្លាំងនគរបាលជាតិ លំហាត់របៀប កាយវិការសម្រាកប្រុង មានខែល កាយវិការលើកខែល ដាក់ខែល កាយវិការគោះខែលគំរាមបាតុករ កាយវិការជំហរទាបខ្ពស់ មានខែល កាយវិការវាយបីដំណាក់កាលមានខែល កាយវិការទប់ទល់បាតុកម្មវរសេនាតូចមានខែល យុទ្ធវិធីរបស់បុគ្គល មានអាវុធអាការ៤៧ និងក្បាច់គុណតៃក្វាន់ដូរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បើទោះអាកាសធាតុប្រែប្រួល ពេលខ្លះក្តៅពេលខ្លះភ្លៀង ផុងដីទីលានមិនកើត ប្តូរមកហ្វឹកហាត់នៅទីលានបេតុងវិញ តែសិក្ខាកាមនៅតែព្យាយាមអំណត់អត់ធុន ហាត់លូនក្រាប ដែលបណ្តាលឲ្យគ្រោះថ្នាក់ លើរាង្គកាយតិចតួចរហូតទទួលបាននិទ្ទេសល្អ ចំនួន៦០នាក់ និទ្ទេសបង្គួរចំនួន២២នាក់ និងនិទ្ទេសមធ្យម ចំនួន១៤នាក់៕