(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងការបើកសម្ពោធជាផ្លូវការ នូវឧបដ្ឋានសាលា និងសមិទ្ធផលនានាជាផ្លូវការក្នុងវត្តព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក យស បញ្ហារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថា វត្តព្នៅជាវត្ត ចំណាស់មួយដែលបានកកើតឡើងនៅឆ្នាំ១៧១៣ ដែលមានអាយុជាង ៣០៤ឆ្នាំ ហើយ វត្តព្នៅនេះកាលពីអំឡុងទស្សវត្ស៨០ ក៏ជាតំបន់មួយប្រឈរមុខយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិលដែល ទើបធ្វើឲ្យតំបន់មួយនេះមានការកសាងនិង អភិវឌ្ឍន៍យ៉ឺតយ៉ាវ ទើបតែក្រោយឆ្នាំ ១៩៩៨ បានមានឱកាសរៀបចំកសាងជាបណ្តើរៗក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ជាក់ស្ដែងសមិទ្ធផលដែលដាក់សម្ពោធនាឱកាសនេះជាសក្ខីភាពស្រាប់។
ឧបដ្ឋានសាលាដែលដាក់សម្ពោធនាពេលនេះមានទំហំ២៩ម៉ែត្រគុណ និង១៦ម៉ែត្រសង់ពីថ្មប្រក់ក្បឿងចំណាយអស់ថវិកាចំនួនជាង១១៨,៥០០ដុល្លារ រួមនឹងសមិទ្ធផលនានាមួយចំនួនទៀតផងដែរ ក្រោមកម្លាំងសុទ្ធាជ្រះថ្លាររបស់ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយពិសេសគឺការចូលរួមជ្រោមជ្រែង និងឧបត្ថម្ភ ផ្ទាល់ពីលោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា។
លោក ជា ចាន់តូ បានឲ្យដឹងថា សមិទ្ធផលដែលប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋ សម្រេចបាននេះគឺកើតចេញពីកម្លាំងសាមគ្គី និងការជឿជាក់របស់ ប្រជាលរដ្ឋ ជាពិសេសភាពអនុគ្រោះនៃសុខសន្តិភាព និងស្ថិរភាពខាងនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច ហ៊ុន សែន ជាប្រមុខទើបមានឱកាសបាន កសាងសមិទ្ធផលនេះឡើង។
ក្នុងឱកាសនោះដែរ លោក ជា ចាន់តូ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជន កម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាលដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី ៤ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនេះទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រត្រូវជៀសវៀង ឲ្យបានការវាយតម្លៃតាមរយៈសភាពការណ៍ និងសតិអារម្មណ៍ និងដោយការអត្តនោម័ត ឬទង្វើរខុសឆ្គងរបស់បុគ្គលមួយក្រុមតូចនោះគប្បីត្រូវមើលព្រៃទាំងមូលជៀសជាងមើលឈើ១ដើម។
នាឱកាសនោះផងដែរលោក ជា ចាន់តូ និង លោកស្រីបានប្រគេនបច្ច័យចំនួន៤០លានរៀលដល់វត្តព្នៅ និងវត្ត៣ទៀតរួមមានវត្តសន្ទុកក្រៅបវត្តចំប៉ក់ និង វត្តបឹងល្វាក្នុង១វត្តៗទទួលបានថវិការ១០លានរៀលសម្រាប់បន្តកសាងសមិទ្ធផលនានាបន្ត និង បាននាំយកថវិកា ក្រណាត់ស សៀវភៅ ប៊ិច ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយលោកតា និងសិស្សានុសិស្សដែលបានចូលរួម ផងដែរ ៕