(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដង្ហែក្បូនឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូង នៃយុទ្ធនាការមួយនេះ ចាប់តាំងពីចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតទៅដល់រង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នេះបើយោងតាម អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះ។
ការឯកភាពរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងក្រោយពីមានកិច្ចពិភាក្សាជាមួយតំណាងគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១៩ ខែឧសភានេះ។
ក្រោយកិច្ចប្រជុំលោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ឆ្លងតាមកិច្ចពិភាក្សាសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដង្ហែក្បូនចេញពីលើផ្លូវ៦០ម៉ែត្រ ឆ្ពោះមកផ្លូវជាតិលេខ២ ឡើងស្ពានអាកាសក្បាលថ្នល់ ឆ្ពោះមកផ្លូវនរោត្តម កាន់មុខក្រសួងមហាផ្ទៃ ហើយបត់ចូលតាមផ្លូវលេខ៤៦៦ ឆ្ពោះទៅតម្រាយផ្លូវចាស់របស់គណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំ។
អ្នកនាំពាក្យបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឲ្យដង្ហែក្បូនកាត់ តាមផ្លូវនរោត្តមចេញពីផ្លូវ៦០ម៉ែត្រនោះ ដោយសារតែអាចមានការកក ស្ទះចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕