(ភ្នំពេញ)៖ ទិវាចងចាំថ្ងៃទី២០ ខែឧសភា លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញសារដ៏ឈឺចាប់ នៃការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម័យកាលនោះ ប្រជាពលរដ្ឋប្រៀបបានធ្លាក់ចូលក្នុងរណ្ដៅមរណៈ ដែលមិនស្គាល់ភាពហ៊ឺហារ សប្បាយរីករាយ​ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញខ្ទេចខ្ទី។ នេះបើតាមសាររបស់លោក ហេង រតនា ដែលបានបង្ហាញនៅបណ្ដាញសង្គម Facebook នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

អគ្គនាយកស៊ីម៉ាក់រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា «​ថ្ងៃចងកំហឹង២០ឧសភា​៖​ ចងកំហឹងនឹងរបបប្រល័យពូជសាសន៍ប៉ុល​ ពត​ អៀង​ សារី​ ខៀវ​ សំផន​ នួ​ន​ ជា​ ដែលក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ទាំងនោះ​ មានខៀវ​ សំផន​ និងនួន​ ជា​ កំពុងជាប់គុកអស់មួយជីវិត ក្រោយពីកាត់ទោសដោយ សាលាក្តីតុលាការ កូនកាត់អង្គកាសហប្រជាជាតិ​ និងរាជរដ្ឋាភិបាល។​ ហេតុអីបានជាមានរបបប្រល័ពូជសាសន៍ដ៍សាហាវយង់ឃ្នងនៅកម្ពុជា​ ដោយបានកាប់សម្លាប់ ប្រជារាស្ត្រខែ្មរជាង២លានអ្នក​ ខែ្មរបែកបាក់រត់ភៀសខ្លួនទៅរស់នៅប្រទេសនានាលើសាកលលោកយ៉ាងច្រើន​ និងកម្ទេចចោលគ្មានសល់ នូវហេដ្ឋារចនាសម្ពន្ធ័រូបវន្ត​ និងធនធានទន់ដែលជាចំណេះដឹង នៃធនធានមនុស្សស្ទើរទាំងស្រុង។​ ចំលើយជាការប្រៀបធៀបភាពជាក់ស្តែង​ សង្គ្រាមបានឆាប់ឆេះលើមាតុភូមិនេះ​ ដូចគ្នាទៅនឹងសង្គ្រាមនៅមជ្ឈឹមបូព៌ា​ នៃប្រទេស​ ស៊ីរី​ លីប៊ី​ ទុយនេស៊ី​ មុននឹងកើតឡើងនូវវាលពិឃាតប្រល័យពូជសាសន៍»

លោក ហេង រតនា បានបន្ថែមថា «គេនៅតែចងចាំមូលហេតុមួយចំនួន ដែលជាឫសគល់នាំដល់ការប្រែក្លាយប្រជាជនខែ្មរ មួយចំនួនក្លាយខ្លួនជាឃាតករ ប្រឡាក់ឈាមយ៉ាងកាចសាហាវបំផុត គ្មានពីរលើលោកនេះ​ មានជាសង្ខេបខ្លីបំផុតដូចជា​ ការចិញ្ចឹមនិងបណ្តុះកំហឹងវណ្ណៈ ស្អប់ខ្ពើម និងឈឺចាប់រវាង អ្នកមានអ្នកក្រ​ ស្តេចមន្ត្រី និងរាស្ត្រ​ អំពើពុករលួយ​ អយុតិ្តធម៌ក្នុងសង្គម​ លាបពណ៌ប្រកាន់ពូជសាសន៍យួន​-ចិន​ បរទេសឈ្លានពានទឹកដី​ ជាដើម។ល។​ ជំរុញកំហឹងក្លាយជាការតស៊ូដើម្បីបុព្វហេតុការពារទឹកដី​ ជាតិ​ សាសនា​ សិទិ្ធស្មើ្មភាព​ យុតិ្តធម៌សង្គម​ បណ្តេញយួន​ បរទេសចេញពីទឹកដីខែ្មរ​ និងជាពិសេសលុបបំបាត់វណ្ណៈ​។ គោលនយោបាយនិងអ្នកដឹកនាំ​ ជាមួយមហិ្ឆតា​ កសាងសង្គមខែ្មរមួយ​ គ្មានអយុត្តិធម៌សង្គម​ និងមានតែជាតិសាសន៍ខែ្មរនិយម​ គេបែរជាសម្លាប់រាស្ត្រខែ្មរខ្លួនឯងរាប់លាន​ ដើម្បីផ្លាស់ប្តូរនិងធ្វើបន្សុតភាពសង្គមខែ្មរ»

ជាមួយគ្នានោះ លោកអគ្គនាយករូបនេះ បានអំពាវនាវប្រជាជនកម្ពុជាទាំងអស់ចងចាំថ្ងៃចងកំហឹង២០ឧសភា​ និងប្រើប្រាស់នូវបទពិសោធន៍ ដ៍មហាសោកដនកម្មនៃសង្គមខែ្មរនេះ​ រួបរួមគ្នាថែរក្សាសន្តិភាព​ សិ្ថរភាព​ និងការអភិវឌ្ឍន៍​ ដែលមិនធ្លាប់មានជាច្រើនសតវត្សនៃព្រះរាជាណាចក្រនេះ​ ឱយបន្តគង់វង្សដើម្បីអនាគតរុងរឿងសំរាប់ ប្រទេសនិងប្រជាជនយើង។​ សូមកុំព្យាយាមប្រើប្រាស់​ សូម្បីតែបញ្ហា​បង្គន់អនាមយ័ថា​ ជាទុក្ខវេទនាធំធេងណាស់​ ហើយថាត្រូវតែផ្លាស់ប្តូរ!​ នេះជាទង្វើដ៏ឆោតល្ងង់ និងគ្មានវិញ្ញាណ​ បើសូម្បីបង្គន់អនាម័យក៏មិនយល់​ ហើយបែរជាខិតខំបញ្ឆេះកំហឹងនិងបន្តុះបង្អប់​ជាតិសាសន៍ឯងទៅវិញ​ (ព្រោះរឿងអនាមយ័នេះក៏វាពាក់ពន្ធ័នឹងទំនៀមទំលាប់​ ប្រពៃណីផងដែរ)។ ប្រសិនជាអាចធ្វើទៅបាន​ សូមបងប្អូនដែលយល់ស្របតាមអ្នកលើមតិរិះគន់រឿងបង្គន់អនាមយ័នេះ​ សុំធ្វើដំណើរជាមួយលោកប្រធានមួយហ្នឹងទូទាំងប្រទេស​កម្ពុជានៃយើង និងរង់ចាំមើលលោកប្រធាននោះទៅណា នៅពេលគាត់ត្រូវការដោះទុក្ខសត្វលោក​ តើគាត់ឡើងដើមឈើ​ឬត្រូវចូលទឹកបឹង?​ បើទោះបីស្ថានីយ៍ប្រេងឥន្ទនះ​ ដែលមានហាង Amazon ក៏ចាប់ផ្តើមរីកដុះដាលហើយ​ ដែលមានកន្លែងខ្លះមានទំហំធំទូលាយជាងនៅជប៉ុន​ អាមេរិក​ និងបារាំងទៅទៀត!!៕