(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ៤នាក់ទៀតហើយ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចទ្រាំទ្រជាមួយការងារបាន។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលការិនីខ្មែរទាំង ៤នាក់ ដែលជួយសង្រ្គោះឲ្យបានវិលមកស្រុកកំណើតវិញនេះរួមមាន៖
ទី១. ពលការិនី ឈ្មោះ ន.ស.ខ អាយុ ៣៣ឆ្នាំ មកពីស្រុកមេមត់ ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយសារនិយោជកមិនបើកប្រាក់ខែឲ្យ ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីស្នើស្ថានទូតជួយទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក និងជួយនាងឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ទី២. ពលការិនី អ.ម.ឌ អាយុ ១៨ឆ្នាំ មកពីខេត្តព្រៃវែង, ទី៣. ពលការិនី ម.ស.ជ អាយុ២១ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម។ ពលការិនីទាំង ២នាក់ បានទៅម៉ាឡេស៊ី ដោយខុសច្បាប់ជាអ្នកបោសសំអាត កាលពីខែកក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ អ្នកទាំងពីរបានស្នើសុំកិច្ចសម្របសម្រួលពីស្ថានទូត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។
ទី៤. ពលការិនី ឃ.ខ អាយុ ៣១ឆ្នាំ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ីដោយខុសច្បាប់ធ្វើការជាអ្នកបោសសំអាត កាលពីខែកុម្ភៈ ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់ទៅកម្ពុជាវិញ ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧
ពលការិនីទាំង៤នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០៖០០នាទីព្រឹក តាមជើងយន្តហោះ MH754។ ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគជូនពួកគេផងដែរ៕