(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទព័ជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រះវិហារ បានថ្លែងថា «នៅក្នុងរបបប៉ុលពតសូម្បីតែស្លាបព្រាហូបបាយមួយ ក៏យើងគ្មានសិទ្ធិកាន់កាប់ថា ជារបស់យើងឡើយ នេះមិននិយាយដល់របស់ដែលមានតម្លៃផង»។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេរ្តព្រះវិហារ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋចូលរួម ក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធ ជនរួមជាតិដែលបានបាត់បង់ជីវិត ដោយសារឧក្រិដ្ឋកម្ម នៃរបបប្រលយ័ពូជសាសន៍ប៉ុលពត នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅសារៈមន្ទីរ១០៣ ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
នាយឧត្តមសនីយ៍ មាស សុភា បានលើកឡើងថា «នៅក្នុងរបបខ្មែរក្រហមប៉ុលពតកុំថាឡើយ ផ្ទះសំបែង ដីធ្លី ស្រែចំការ និងរបស់មានតម្លៃផ្សេងៗទៀត ដែលយើងអាចកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់យើង សូម្បីតែស្លាបព្រាហូបបាយតែមួយ ក៏យើងគ្មានសិទ្ធកាន់កាប់ ថាជារបស់យើងឡើយ។ បើយើងក្រឡេកមើល ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបដ៏ខ្មៅយង់ឃ្នង គឺយើងផ្តើមចេញពីបាតដៃទទេ ធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើន ប្រជាពលរដ្ឋមានជីវភាពធូរធា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាងក្នុងការរស់នៅ មានសិទ្ធិកាន់កាប់ដីធ្លីផ្ទះសំបែង និងរបស់ផ្សេងៗទៀត ធ្វើជាកម្មសិទ្ធរបស់យើងដោយស្របច្បាប់»។
ឆ្លងតាមការសំដែងសិល្បៈ ដែលបានរៀបរាប់ស្តីពីព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលលោកមានវ័យចំណាស់ បាននឹកឃើញការរស់នៅ ក្នុងរបបនោះពិតជាគួរឲ្យឈឺចាប់។ ដូច្នេះយើងត្រូវរួមគ្នាទប់ស្កាត់កុំឲ្យ របបព្រៃផ្សៃនេះកើតមានឡើង ក្នុងប្រទេសយើងជាលើកទី២ទៀត និងត្រូវចងចាំទិវា ២០ ឧសភា ជាទិវាចងកំហឹង និងរបបប្រលយ័ពូជសាសន៍ ឲ្យឋិតនៅក្នុងក្រអៅបេះដូវប្រជាពលរដ្ឋគ្រប់ៗរូប និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបន្តទៅទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចំរើនថែមទៀត ហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ព្រមទាំងបានចែកអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕