(ភ្នំពេញ)៖ បន្ទាប់ពីលេចចេញនូវព័ត៌មាន ដ៏ពុះកញ្ជ្រោលជុំវិញតារាចម្រៀងល្បី គឺកញ្ញា ឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រៀមវេចបង្វេចចាកចេញពីផលិតកម្ម សាន់ដេរ ដែលជាទ្រនំដ៏ធំជួយឲ្យនាង មានឈ្មោះល្បីមកដល់សព្វថ្ងៃ ស្រាប់តែថ្មីៗនេះ តារាចម្រៀង អ៊ីវ៉ា បានផ្ទុះនូវសំឡេងរិអគន់ជាថ្មីម្ដងទៀតថា ជាតារាចម្រៀងបានល្បីភ្លេចកំណើតដើម ព្រោះនាងហាក់កំពុងតែមើលងាយ ការងារក្នុងទ្រនំចាស់របស់ខ្លួន ថែមទាំងហ៊ានប្រើពាក្យគំរាម ដើរចេញទៀតផង។
ប្រភពព័ត៌មានពីអ្នកសិល្បៈ រស់នៅក្នុងទ្រនំជាមួយគ្នា បានព្រលយឲ្យដឹងថា តារាចម្រៀង អ៊ីវ៉ា ដែលជ្រកកោននៅផលិតកម្ម សាន់ដេ រយៈពេល៦ទៅ៧ឆ្នាំនេះ គឺនាងមានឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស ដោយសារតែផលិតកម្មដ៏ធំក្នុងស្រុកមួយនេះ ជាអ្នកបណ្ដុះបណ្ដាល លើកស្ទួយនាងទាំងស្រុង ព្រោះបទចម្រៀងទាំងអស់របស់អ៊ីវ៉ា មានតែលើ CD និង VCD របស់ផលិតកម្ម សាន់ដេ តែមួយគត់ រហូតមកដល់ពេលនេះ គឺសុទ្ធតែល្បីសឹងតែគ្រប់បទទាំងអស់ រហូតធ្វើឲ្យនាងអ៊ីវ៉ា យកបទទាំងនោះទៅច្រៀង ប្រមូលបានលុយជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗទៀតផង។
ប៉ុន្តែនៅពេលនេះ តារាចម្រៀង អ៊ីវ៉ា ហាក់ពុងតែធ្វើខ្លួនឲ្យក្លាយជាមនុស្ស ដល់ត្រើយសើយគូថ ពោលគឺពេលបានល្បី ភ្លេចកំណើតដើម ភ្លេចអ្នកជួយជ្រោមជ្រែង វាយឫកក្មេងក្អាង ចាប់ផ្ដើមដើរពើងទ្រូង មិនខ្លាចនរណានោះ កំពុងតែទទួលរងនូវការរិះគន់ ព្រោះតែទង្វើឆ្គាំឆ្គងរបស់នាង។ ជាក់ស្ដែងសូម្បីតែថ្នាក់ដឹកនាំ ក្នុងផលិតកម្ម សាន់ដេ ធ្លាប់ហៅនាងទៅណែនាំ និងប្រាប់កុំឲ្យធ្វើខ្លួនបែបនេះ ក៏តារាចម្រៀង អ៊ីវ៉ា មិនខ្ចីខ្វាយខ្វល់បន្តិចឡើយ។
ពេលដែលមហាជន បានដឹងរឿងនេះ អ៊ីវ៉ា បានទទួលរងនូវព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជន ព្រោះម្នាក់ៗយកដៃគួកទ្រូង ដោយមិននឹកស្មានថា តារាចម្រៀង អ៊ីវ៉ា ក្លាយជាមនុស្សនិយាយមិនស្ដាប់គ្នាបែបនេះទេ ខណៈដែលពីមុនមក នាងជាមនុស្សស្លូតបូត គួរឲ្យស្រឡាញ់ តែពេលបានល្បី អ្វីៗបែរជាប្រែប្រួល ហួសការស្មាន។
ចំណែកអ្នកសិល្បៈរៀមច្បងជាច្រើននាក់ ដែលរស់នៅក្នុងទ្រនំជាមួយ បាននិយាយដោយមិនបង្ហាញឈ្មោះថា ពេលនេះ អ៊ីវ៉ា គឺតារាជាច្រើនដែលកើតជំងឺតួឯក ពេលបានល្បី ព្រោះនាងក្រឡុកខាងផលិតកម្មឡើងវិលក្បុង ដែលខុសកាលពីមិនទាន់ល្បី ខំអង្វរលន់តួថៅកែផលិតកម្ម ដល់ពេលគេយកទៅឡង់សេបានល្បីហើយ បែរជាថា គេមិនលើកស្ទួយ វាជារឿងដែលយកគុណទៅសងទោស។ តារារៀមច្បងទាំងនោះ សំណូមពរសូមឲ្យតារាល្បីៗទាំងនោះ ផឹកទឹកកុំភ្លេចប្រភពដើម ហើយបើសិនជាពួកគេអាងល្បីទៅ មិនគោរពខាងផលិតកម្ម និងក្រុមការងារនោះ ច្បាស់ជាមិនយូរទេ កេរ្ដិ៍ឈ្មោះពួកគេនឹងប្រឈមការធ្លាក់ចុះវិញជាមិនខាន ព្រោះតារាដែលល្បី គឺកើតចេញពីផលិតកម្ម អ្នកនិពន្ធ និងដឹកនាំល្អៗ ជួយជ្រោមជ្រែង ទើបមហាជនទទួលស្គាល់ និងគាំទ្រពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មសាន់ដេ បានប្រាប់យ៉ាងខ្លីថា លោកសុំមិននិយាយអ្វីទាំងអស់ ទុកឲ្យមហាជនជាអ្នកកាត់សេចក្ដីទៅចុះថា តើនរណាត្រូវ នរណាខុស។
យ៉ាងណាមិញ សម្រាប់តារាចម្រៀង អ៊ីវ៉ា នៅមិនទាន់ទាក់ទងសុំការបកស្រាយ ជុំវិញការចោទប្រកាន់របស់មហាជន និងអ្នកសិល្បៈនៅពេលនេះ បានទេ ខណៈដែលទស្សនិកជន ក៏កំពុងចង់ដឹងដែរថា ការចោទឡើងខាលើ ជាការពិតឬយ៉ាងណា?