(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាមេគ្រួសារគ្រូបង្រៀនទូទាំង ក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងខេត្ត លោកសូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារព្រោះថា «លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និងជាថ្នាល់បណ្តុះបណ្តាល នូវធនធានមនុស្ស ប្រកបដោយ គុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន»។
លោក ម៉ៅ ធនិន ថ្លែងបែបនេះ ធ្វើឡើងនៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះ សំណាលជាមួយក្រុមគ្រួសារគ្រូបង្រៀង និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ជាលើកទី២ ប្រមាណ៩២៥នាក់ ដោយបានការចូលរួមពីលោក អ៊ឹង គឹមលាង និងលោកស្រី ជុក សុផានី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។
លោកអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែងលើតម្លៃសេវាផ្សេងៗ ជាមួយនឹងការតម្លើងប្រាក់បៀវត្ស៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ-កម្មការិនី ដែលក្នុងនោះប្រាក់បៀវត្ស៍បុគ្គលិកអប់រំយើងមានកម្រិតខ្ពស់ជាងគេផងដែរ។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ជាការពិតណាស់ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទាំងមូលមានភ័ព្វសំណាង ដែលទទួលបាននូវសមិទ្ធិផល ជាច្រើនពីរាជរដ្ឋាភិបាល ដូចជាទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលនឹងកំពុងស្ថាបនាបាន៨០ភាគរយដែល តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់កម្ពុជាថៃ ឃុំថ្មដា ស្រុកវាលវែង, ផ្លូវលំជនបទក្រាលកៅស៊ូ ចំនួន១០ខ្សែ ប្រវែង១,២៥៥គីឡូម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត។
លោកបានបន្ថែមថា គម្រោងទំនប់បង្ហៀរ ក្បាលហុង នឹងជិតដំណើរការសាងសង់ហើយ ស្របពេលដែលប្រជាពលរដ្ឋបាននឹងកំពុងទន្ទឹងរង់ចាំ ការប្រែមុខមាត់ពីស្ពានក្បាល ហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ ដោយមានស្ពានឆ្លងកាត់បាន និងទំនប់បង្ហៀរ ដែលអាចរំដោះទឹកជំនន់ ចេញពីក្រុងពោធិ៍សាត់ បានយ៉ាងងាយស្រួល ជាពិសេសអាចទប់ទឹកក្នុងរដូវប្រាំង សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ និងបម្រើដល់វិស័យទេសចរណ៍។
លោកបានរំលឹកថា នៅសល់តែ ១៦ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចនេះសូមលោកគ្រូ អ្នកគ្រូត្រូវថែរក្សា ឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាឲ្យគណបក្សណាដេលខ្លួនពេញចិត្តទៅតាម ឆន្ទះរបស់ខ្លួន។
ក្នុងឱកាសនោះ លោកបានជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ សរុបប្រមាណ ៩២៥នាក់ ក្នុងម្នាក់ៗ ទទួលបានមី១កេសតូច ថ្នាំប៉ារ៉ាសេតាម៉ុល៥បន្ទះ និងថ្នាំវីតាមីន៥បន្ទះ ចំពោះស្ត្រីមានផ្ទៃពោះ ១២នាក់ ទទួលបានសារុង៥ មី១កេសតូច ថ្នាំប៉ារ៉ាសេតាម៉ុល៥បន្ទះ និងថ្នាំវីតាមីន៥បន្ទះ ដោយឡែកលោកបានសន្យាថានឹងឧបត្ថម្ភសាំង និងគ្រឿងឧបភោគបរិភោគ សម្រាប់ជូនលោកគ្រូ អ្នកគ្រូ និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ទៅទស្សនៈកិច្ចសិក្សានៅទំនប់ទី៣ និងទី៥ ស្រុកភ្នំក្រវាញផងដែរ៕