(ភ្នំពេញ)៖ លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទម្នាក់ដែលជាកម្មករ ហើយបានសម្លាប់មេការបស់ខ្លួន ដោយសារតែរឿងជំពាក់ប្រាក់៤ម៉ឺនរៀល ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ឈ្មោះ ឈិត បូរី អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានវាយមេជាងចំនួន៣ដំបងបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។ បទល្មើសមានចែងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុង ភូមិសំបួរសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ (ស្លាប់) ភាគីដើមបណ្តឹងទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទលើទឹកប្រាក់ចំនួន៣០០០ដុល្លារ។
សវនាការតំណាងអយ្យការលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង បានធ្វើសេចក្តីសន្និដ្ឋាន និងនៅតែរក្សាការចោទប្រកាន់ជនជាប់ចោទ ពិតជាមានចេតនាក្នុងអំពើឃាតកម្ម ហើយបានស្នើសុំឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទតាមច្បាប់កំណត់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ រឿងជំពាក់ប្រាក់ចំនួន៤ម៉ឺនរៀល និងធ្លាប់ទាត់ជនសង្ស័យ១ជើង នៅពេលជនសង្ស័យទារប្រាក់នោះវិញ។ លុះដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យបានវ៉ៃជនរងគ្រោះ ដែលកំពុងដេកក្នុងអង្រឹង ក្រោមដើមឈើ បណ្តាលឲ្យស្លាប់ រួចគេចខ្លួនទៅខេត្តតាកែវហើយព្រឹកឡើងត្រឡប់មកការដ្ឋានសំណង់វិញ ក៏ត្រូវសមត្ថកិច្ចខណ្ឌឃាត់ខ្លួនតែម្តង។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានលើកយកសំណុំរឿងឃាតកម្មមួយនេះ មកបើកសវនាការជំនុំជម្រះទោសផងដែរ៕